(ការ៉ាកាស់)៖ ទោះបីជាវាអាចបង្កភាពចម្រូងចម្រាសខ្លាំងយ៉ាងណាក៏ដោយ ​​មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido ដែលបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា និងមានការគាំទ្រ​​ក៏ដូចជាទទួលស្គាល់ពី​​​​អាមេរិកព្រមទាំង​សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោននៅអាមេរិកឡាទីន និង​ប្រទេសមួយចំនួននៅអឺរ៉ុបនោះ បានអះអាងថា​​លោកនឹងមិនដកចេញឡើយនូវលទ្ធភាពនៃការបើកផ្លូវអនុញ្ញាតឲ្យ​មានការចូលធ្វើអន្តរាគមន៍យោធា​ពីបរទេស ដើម្បី​ផ្តួល​រំលំ​​​​លោក ម៉ាឌូរ៉ូ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP លោក Guaido បាននិយាយថា រូបលោកនឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីជួយ​សង្រ្គោះជីវិតប្រជាជន ពោលគឺ​លោកមិនបោះបង់ចោលនូវ​ប្រធានបទចម្រូងចម្រាស នៃការ​ស្នើ​និង​អនុញ្ញាតឲ្យ​​កម្លាំងបរទេស ជាពិសេស​សហរដ្ឋអាមេរិក មកចូលធ្វើអន្តរាគមន៍​យោធានៅក្នុងប្រទេសវេណេស៊ុយអេឡា ដើម្បីបង្ខំឲ្យប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីអំណាច និង​ជួយបន្ធូរបន្ថយវិបត្តិមនុស្សជាតិនោះឡើយ។

គួរជម្រាបថា កាលពីខែមករាកន្លងទៅ លោក Guaido ដែលជាមេបក្សប្រឆាំងនិងជាប្រធានរដ្ឋសភាវេណេស៊ុយអេឡា បាន​​ឡើងប្រកាសតែងតាំងខ្លួនឯងថាជា មេដឹកនាំស្របច្បាប់តែមួយគត់​នៃប្រទេសអាមេរិកឡាទីនមួយនេះ ហើយ​ក៏ទទួលបាន​ការ​គាំទ្រ​ពី​ទីក្រុងវ៉ាស៊ីនតោន ព្រមទាំងសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាមេរិកខាងត្បូង​និង​អឺរ៉ុប។

ក្នុងអំឡុងពេល០២សប្តាហ៍ចុងក្រោយនេះ រដ្ឋបាល លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ការលើក​ទ័ពចូលមក​កាន់​​វេណេស៊ុយ​អេឡា​នៅតែជាជម្រើសមួយ ប្រសិនបើ​លោក ម៉ាឌូរ៉ូ នៅតែមិនព្រមបោះបង់ចោលអំណាច ហើយ​ចាប់ផ្តើម​ការធ្វើ​អន្តរកាលនយោបាយឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសវេណេស៊ុយអេឡាទៀតនោះ៕