(បាងកក)៖ ការប្រកាសចូល​ប្រឡូកឆាកនយោបាយ ពីសំណាក់សែរាជវង្សជាន់ខ្ពស់​របស់​ថៃ គឺ​សម្តេចព្រះរាម អ៊ុបុលរតនា (Ubolratana) គឺបាននិងកំពុង​ធ្វើឲ្យពិភពលោកចាប់​​អារម្មណ៍​ជាខ្លាំងអំពីរបត់​នយោបាយថ្មីមួយ​ទៀត នៃព្រះរាជាណាចក្រថៃ បន្ទាប់ពីរដ្ឋប្រហារ​ផ្ទុះឡើង​លើកចុងក្រោយ​កាលពីខែឧសភា ឆ្នាំ២០១៤ ប៉ុន្តែដំណើរនេះ​​មិនប្រាកដថារលូន​នោះឡើយ ដោយពេលនេះ​ព្រះមហាក្សត្រថៃ​បច្ចុប្បន្ន ព្រះបាទ មហា វ៉ាច្ឆរ៉ាឡុងកន បាន​បង្ហាញ​​ជំហរ​មិនគាំទ្រ​នោះឡើយ ចំពោះបងស្រី​ដែលចង់ប្រកួតយកតំណែង​នាយករដ្ឋមន្ត្រី​នោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ BBC នាព្រឹក​ថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយព្រះបរមរាជវាំងថៃ ព្រះមហាក្សត្រថៃបាន​ហៅទង្វើរបស់ព្រះរាមរបស់ព្រះអង្គថា «មិនសាកសម និងបំផ្លាញវប្បធម៌ជាតិ...។ ទោះបី​ព្រះនាងបានបោះបង់​ចោលតំណែង ក្នុងជួររាជវង្ស​ជាលាយលក្ខណ៍អក្សរក៏ដោយ ក៏ព្រះនាងនៅ​តែរក្សាឋានៈ​របស់ព្រះនាង ក្នុងនាមជាសមាជិក​សែរាជវង្សចក្រីដដែល»

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ ព្រះរាមរបស់ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Vajiralongkorn) គឺព្រះនាង​ម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា (Ubolratana Rajakanya) នឹងចូលរួមប្រកួត​ប្រជែង​យកតំណែងជា​នាយករដ្ឋមន្ត្រី​នៅក្នុងការបោះឆ្នោត​សកល ដែលគ្រោងនឹងប្រព្រឹត្ត​ទៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។

ការប្រកាស​ពីការចូលរួមនៅក្នុងការបោះឆ្នោត​នេះ ត្រូវបានធ្វើឡើង​ដោយគណបក្ស ថៃរក្សាជាតិ (Thai Raksa Chart) នៅថ្ងៃសុក្រនេះ​បន្ទាប់ពីមានពាក្យចចាម​អារ៉ាមជាច្រើនថា ព្រះនាងម្ចាស់ដែលមានព្រះជន្ម ៦៧វស្សានេះនឹងចូលរួមក្នុងឆាក​នយោបាយ។ បន្ថែមពីនេះ​បើតាម​គេហទំព័រ Khaosod ការប្រកាសតែងតាំង​ព្រះនាងម្ចាស់ Ubolratana Rajakanya ជាបេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស Thai Raksa Chart ក៏ត្រូវបាន​ទទួល​​ស្គាល់ពីនាយករដ្ឋមន្ត្រី​ថៃ​លោក ប្រយុទ្ធ ចាន់អូចា ដែលកំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ផ្សែងពុល​នៅក្នុងប្រទេសថៃ ដែលអាចនឹងធ្វើឱ្យប៉ះពាល់​ដល់ប្រជាប្រិយភាព​របស់លោក​ មុនការបោះឆ្នោត​មក​ដល់។

ព្រះនាងម្ចាស់ Ubolratana Rajakanya គឺជាបុត្រីច្បង​នៃ​អតីតព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) និងម្ចាស់​ក្សត្រី សិរីគិត (Sirikit)។ ប៉ុន្តែព្រះនាងបាន​បោះបង់ចោលតួនាទី​ជារាជ្យវង្ស​របស់ខ្លួន កាលពីឆ្នាំ១៩៧២ ដើម្បីទៅរៀបការ​ជាមួយជនជាតិ​អាមេរិកម្នាក់​ឈ្មោះ ភីធើ ឡេដ ហ្សិនសិន (Peter Ladd Jensen) ដែលវាមានន័យថា ព្រះនាង​គ្មាន​សិទ្ធិនៅក្នុងការទទួលរាជសម្បត្តិ​នោះឡើយ៕