​(ម៉ូស្គូ)៖ រដ្ឋាភិបាលទីក្រុង​ការ៉ាកាស់ មិនបានដាក់សំណើ​ណាមួយមកកាន់​ទីក្រុងម៉ូស្គូ ដើម្បីសុំជំនួយពី​យោធារុស្ស៊ី​នោះទេ បើទោះបីជាប្រទេសនេះ​កំពុងជួបវិបត្តិធ្ងន់ធ្ងរ​ក៏ដោយ។ នេះបើ​តាមសេចក្តីថ្លែងការណ៍ដោយលោក អាឡិចហ្សានដឺ សាជេទីនីន (Alexander Shchetinin) ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Alexander Shchetinin ជាប្រធាន​នាយកដ្ឋានទទួលបន្ទុក ​កិច្ចការ​តំបន់អាមេរិកឡាទីន នៃក្រសួងការបរទេសរុស្ស៊ី បាន​បញ្ជាក់ប្រាប់ Sputnik​ យ៉ាងដូច្នេះថា «យើងកំពុង​ពិចារណា និងវិភាគលើ​សំណើពីដៃគូយុទ្ធសាស្ត្រ​របស់យើង ដោយយកចិត្ត​ទុកដាក់... ប៉ុន្តែមកទល់​នឹងពេល​នេះ យើងមិនទាន់​ទទួលសំណើសុំ​ជំនួយ​យោធាណាមួយ ពីទីក្រុងការ៉ាកាស់​នោះឡើយ»។ លោក Shchetinin បានបន្ថែមថា រុស្ស៊ីបើកចំហទ្វារ​រាល់កិច្ចសន្ទនា ​ជាមួយអ្នកនយោបាយ​វេណេស៊ុយអេឡា​ទាំងអស់ ដែលចង់​ស្វែងរក​ដំណោះស្រាយ ចំពោះវិបត្តិបច្ចុប្បន្ន​នៅក្នុង​ប្រទេស​វេណេស៊ុយអេឡា។

គួរបញ្ជាក់ថា បើតាមលោក Shchetinin កិច្ចចរចា ឬកិច្ចសន្ទនា​ទាំងឡាយ​ ដើម្បីដោះស្រាយវិបត្តិ​វេណេស៊ុយអេឡា គួរតែធ្វើឡើង ដោយឈរ​លើគោលជំហរ​ផ្សះផ្សារាល់​កម្លាំងនយោបាយ​ទាំងអស់ នៅក្នុងប្រទេស​អាមេរិកឡាទីន​មួយនេះ មិនមែនសំដៅ​ចង់ផ្ដួល ឬធ្វើរដ្ឋប្រហារ​ទម្លាក់លោក ម៉ាឌូរ៉ូ នោះឡើយ៕