(ប៊ែរឡាំង)៖ អាជ្ញាធរអាល្លឺម៉ង់​បានបង្គាប់ឱ្យ​ក្រុមហ៊ុន Facebook ផ្លាស់ប្ដូររបៀប​ដែលខ្លួន​ប្រមូលទិន្នន័យ ពីអ្នកប្រើប្រាស់​នាពេល​បច្ចុប្បន្ន ពីព្រោះវាកំពុងតែរំលោភ​លើច្បាប់អឺរ៉ុប​ ស្ដីពីការការពារទិន្នន័យ​ឯកជនរបស់អ្នក​ប្រើប្រាស់។ នេះបើតាម​ការចេញផ្សាយ ដោយ​សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្នុងសេចក្ដី​ថ្លែងការណ៍ចេញផ្សាយ​នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ អាជ្ញាធរអាល្លឺម៉ង់​ដែលកំពុងប្រឆាំងនឹង ការធ្វើពាណិជ្ជកម្ម​មិនត្រឹមត្រូវ​បានបញ្ជាក់ទៀតថា ក្រុមហ៊ុន Facebook កំពុងធ្វើ​សកម្មភាព​ផ្ដាច់មុខខាងប្រព័ន្ធទំនាក់ទំនង​សង្គម តាមរយៈការប្រមូល​យកទិន្នន័យ​ពី Instagram, WhatsApp និងគេហទំព័រ​ជាភាគីទី ៣។

មិនតែប៉ុណ្ណោះ អាជ្ញាធរអាល្លឺម៉ង់​ក៏បានចោទប្រកាន់​ផងដែរថា Facebook បានប្រើប្រាស់​ទិន្នន័យទាំងនេះ​ ដើម្បីទាញយលផល​ប្រយោជន៍ផ្ដាច់មុខ​ពីប្រើប្រាស់ ក្នុងគោលបំណង​គ្រប់គ្រងទីផ្សារបណ្តាញទំនាក់​ទំនងសង្គម។

គួរបញ្ជាក់ថា នៅពេល​អនាគត ក្រុមហ៊ុន Facebook នឹងស្វែងរកការ​យល់ព្រមពីអ្នក​ប្រើប្រាស់ សំដៅប្រមូលទិន្នន័យ​មួយចំនួន។ ប៉ុន្តែអាជ្ញាធរ​អាល្លឺម៉ង់ បានបង្គាប់​ឱ្យក្រុមហ៊ុនយក្សមួយនេះ​ បញ្ជាក់ពីរបៀបដែលខ្លួន​ប្រមូលទិន្នន័យ​ឱ្យច្បាស់ បើពុំដូច្នោះទេ​ក្រុមហ៊ុនយក្ស​អាមេរិក​មួយនេះ អាចនឹង​ប្រឈមមុខ​នឹង​ការផាកពិន័យជាង ៥.៥ពាន់លានដុល្លារ៕