(អង់ការ៉ា)៖ សារព័ត៌មានតួកគី Hurriyet បានរាយការណ៍ថា រដ្ឋាភិបាល​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ នឹងលុបចោល​គម្រោងលក់ប្រព័ន្ធមីស៊ីល Patriot ឱ្យតួកគី បើសិនជាទីក្រុងអង់ការ៉ា​ មិនព្រមបោះបង់ចោល គម្រោងទិញប្រព័ន្ធ​មីស៊ីល S-400 ពីរុស្ស៊ី​ទេនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

សារព័ត៌មាន ហឺរីយែត (Hurriyet) បានធ្វើសេចក្ដីរាយការណ៍​ខាងលើ​ដោយផ្អែកលើប្រភពពីមន្ត្រីអាមេរិកម្នាក់ ថ្លែងក្នុងលក្ខខណ្ឌ​មិនបញ្ចេញ​ឈ្មោះ។ មន្ត្រីរូបនេះបានបញ្ជាក់​យ៉ាងដូច្នេះថា «តួកគីអាច​ទិញប្រព័ន្ធ​មីស៊ីល Patriot នៅក្នុងពេល​អនាគត ប៉ុន្តែរឿងបែបនេះ​មិនអាច​ទៅរួចឡើយ បើទីក្រុងអង់ការ៉ា មិនព្រមបោះ​បង់ចោលការទិញ​ប្រព័ន្ធ​មីស៊ីល S-400 ពីរុស្ស៊ី... ហើយយើង​នឹងធ្វើអ្វីៗគ្រប់យ៉ាង​ ដើម្បី ដើម្បីការពារ​សន្តិសុខជាតិ​របស់យើងក្នុង​ករណី​ចំបាច់»

គួរបញ្ជាក់ថា ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការសន្តិសុខ​ជាតិ នៃមន្ទីរបញ្ចកោណអាមេរិក បានជូនដំណឹងដល់​សភា ពីគម្រោង​លក់ប្រព័ន្ធ​មីស៊ីល Patriot ក្នុងតម្លៃជាង ៣.៥ពាន់លានដុល្លារ​ឱ្យតួកគី កាលពីខែធ្នូ ឆ្នាំ២០១៨។ ប៉ុន្តែ ក្រុមមន្ត្រី​ជាន់ខ្ពស់​អាមេរិក​ជាច្រើននាក់បានព្រមានថា អាមេរិកអាចនឹងលុបចោលគម្រោងនេះ រួមទាំងគម្រោង​លក់យន្ដហោះ​ចម្បាំង F-35 នៅក្នុងករណី​ដែលតួកគី​នៅតែរឹងរូសទិញ S-400 ពីរុស្ស៊ីនោះ៕