(វ៉ាស៊ីនតោន)៖ អ្នកតំណាងពិសេស​អាមេរិក ទទួលបន្ទុកកិច្ចការ​វេណេស៊ុយអេឡា លោក អ៊ែលលីយ៉ូត អាប្រាមស៍ (Elliott Abrams) បានលើកឡើងថា ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ គួរតែចាកចេញ​ពីប្រទេសទៅកាន់ប្រទេសជា​មិត្តរបស់ខ្លួន ដូចជា​គុយបា ​ឬ​ក៏​រុស្ស៊ី​ទៅ ព្រោះ​ប្រទេស​ទាំងពីរនឹងស្វាគមន៍​ទទួលយក​លោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Abrams បាននិយាយ​យ៉ាងដូច្នេះថា «ខ្ញុំគិតថា... យល់ល្អដើម្បី​ឲ្យការធ្វើអន្តរកាល​ទៅរកលទ្ធិប្រជាធិបតេយ្យ​ នៅ​ប្រទេស​​វេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ គួរតែនៅក្រៅ​ប្រទេស ហើយមានប្រទេសមួយ​ចំនួនដែលខ្ញុំយល់ថានឹងស្ម័គ្រ​ចិត្តទទួលយក​រូបលោក ព្រោះលោក​មានមិត្តដូចជានៅគុយបា និងរុស្ស៊ីជាដើម។ មិនតែប៉ុណ្ណោះ​ក៏មានប្រទេស​ខ្លះទៀត ដែលបាន​មកទាក់​ទង​យើងផ្ទាល់ និងនិយាយថា ពួកគេសុខចិត្តទទួល​យកសមាជិក​នៃរបបដឹកនាំ​វេណេស៊ុយអេឡា​មិនស្របច្បាប់​នា​ពេល​​បច្ចុប្បន្ន ប្រសិនបើ​វាជួយដល់កិច្ចប្រឹងប្រែង​ធ្វើ​អន្តរកាល»

បេសកជនពិសេស​អាមេរិករូបនេះបាន​បន្តទៀតថា «ផ្លូវដើរចុងក្រោយ​សម្រាប់លោក ម៉ាឌូរ៉ូ គឺតែមានបោះបង់ចោល​អំណាច​ប៉ុណ្ណោះ ហើយបើកាន់តែឆាប់​គឺកាន់តែល្អ ដោយសារមើល​ទៅស្ថានភាពរបស់លោក​ផ្ទាល់ នឹងកាន់តែ​ធ្លាក់ចុះដុន​ដាបទៅ​ៗ ដរាបណាលោក​នៅតែខំប្រឹងក្រាញ​អំណាច នោះទុក្ខវេទនា​នៅវេណេស៊ុយអេឡា​ក៏កាន់តែអូសបន្លាយ​ផងដែរ»

គួរជម្រាបថា តាំងតែពីដើមដំណាក់​ដំបូង នៃវិបត្តិនយោបាយ​នៅវេណេស៊ុយអេឡា សហរដ្ឋអាមេរិក​បានបញ្ជាក់យ៉ាង​ច្បាស់​ថា ​ខ្លួនគាំទ្រ​មេបក្ស​ប្រឆាំង លោក ជូអាន ហ្គៃដូ (Juan Guaido) ដែល​បានប្រកាស​តែងតាំងខ្លួនឯងផ្ទាល់ជា​ប្រធានាធិបតីស្តីទី​នៃ​ប្រទេស​អាមេរិក​ឡាទីន​មួយនេះ។ ចាប់ពីនោះមក ទីក្រុងវ៉ាស៊ីនតោនបានបន្តដាក់​សម្ពាធលោក ម៉ាឌូរ៉ូ ដែលជាប្រធានាធិបតី​ឡើងកាន់អំណាច​​ដោយស្របច្បាប់​ ឲ្យចុះចេញ​ពី​តំណែង និងកៀរគរ​សម្ព័ន្ធមិត្ត​របស់ខ្លួនឲ្យទទួល​ស្គាល់មេបក្សប្រឆាំងគឺលោក ហ្គៃដូ៕