(អាមេរិក)៖ ទីភ្នាក់ងារ​អវកាស NASA បានបញ្ចេញរូបថ្មីមួយសន្លឹក ដែលបង្ហាញ​ពីការឆ្លុះមើលលើកចុងក្រោយ​របស់កែវយឺត Kepler ដែលអស់សាំង​កាលពី​ឆ្នាំមុន។ នេះបើតាម​ការដក​ស្រង់ការផ្សាយចេញពី​វែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

កែវយឺត​អវកាស Kepler បានបញ្ជូនរូបថត​ដំបូងនៃទីអវកាស (First Light Image) មកកាន់ផែនដី​​កាលពីខែមេសា ឆ្នាំ២០០៩ ​បន្ទាប់​វាបានបើកគម្រប​ការពារធូលី​ចេញពីកាមេរ៉ា​របស់វា ខណៈរូបភាពថ្មីខាងលើ​ដែលជារូបភាពស្គែនផ្ទៃមេឃ​ជាលើក​ចុង​ក្រោយរបស់ Kepler បានត្រឡប់មកដល់​ភពរបស់យើង​នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

គួរជម្រាបថា Kepler ធ្វើគោចរនៅ​ជុំវិញព្រះអាទិត្យ​នៅលើគន្លងមួយ ដែលតាម​ពីក្រោយគន្លង​ផែនដី។ បេសកកម្មដំបូង​​នៃ​កែវយឺតអវកាសនេះ​ ត្រូវបាន​គេពង្រីកបន្ថែមពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ដោយវាបាន​ចាប់ផ្តើមដោយផ្តោត​ តែ​លើផ្ទៃមេឃមួយ​​ផ្នែក​ប៉ុណ្ណោះ​ក្នុងកញ្ចុំផ្កាយ Cygnus។ ​ក្រោយពីពេល​វាលែង​អាចផ្តោត​នៅចំណុច​មួយកន្លែងបាន អ្នកវិទ្យាសាស្រ្ត​បាន​សម្រេច​ចេញ​បេសកកម្ម K2 ដែលឲ្យ Kepler ឆ្លុះមើលទីតាំងខុសៗគ្នា​ជារៀងរាល់ ៧៥ថ្ងៃម្តង។

ក្នុងអំឡុងបេសកកម្ម​ទាំងពីរនេះ កែវយឺត​អវកាស Kepler បានរកឃើញ​ភពអេលៀន​នៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ (Exoplanet) ​​ជាង ២,៦០០ភព ដែលត្រូវអ្នកវិទ្យាសាស្រ្ត​ផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវថា​ ពិតជាមានវត្តមានប្រាកដមែន ហើយចំនួននេះ​មិនទាន់រាប់​បញ្ចូល​បេក្ខភាព Exoplanet ជាច្រើនផ្សេង​ទៀត​ដែលមិនទាន់ត្រូវ​បានផ្ទៀងផ្ទាត់​ឡើយ៕