(វ៉ាស៊ីនតោន)៖ លោក ចន ឌីកនែល (John Dignell) ជាអតីតតំណាងរាស្រ្តនៃរដ្ឋមីឈីហ្គែន (Michigan) និងជាសមាជិក​សភា​​អាមេរិកដែលកាន់តួនាទីបានយូរជាងគេបំផុត ទទួលមរណភាពនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងជន្មាយុ៩២ឆ្នាំ។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមសេចក្តីថ្លែងការណ៍ការិយាល័យ​ភរិយាលោក គឺលោកស្រី ដេបប៊ី ឌីកនែល ដែលមានមុខតំណែងជាសមាជិកសភា​​អាមេរិកមួយរូបដែរនោះ លោក John Dignell បានទទួលមរណភាពនៅឯគេហដ្ឋានក្នុងទីក្រុងឌៀប៊ន (Dearborn) បន្ទាប់​ពី​លោក​​ត្រូវ​​បាន​ធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកក្រពេញបំពង់ទឹកនោម កាលពីឆ្នាំទៅមិញ។

គួរជម្រាបថា លោក Dignell បានជាប់ឆ្នោតក្នុងសភាតំណាងរាស្រ្តអាមេរិកកាលពីឆ្នាំ១៩៥៥ ហើយលោកបានកាន់តំណែង​នេះ​រហូតដល់ពេលចូលនិវត្តន៍​នៅឆ្នាំ២០១៤ ក្រោយរយៈពេល៥៩ឆ្នាំ៕