(អ៊ុយរូហ្កាយ)៖ ប្រធានាធិបតីអ៊ុយរូហ្កាយ លោក Tabare Vazquez បាននិយាយថាវិបត្តិបច្ចុប្បន្នកំពុងបង្ខំឱ្យវេណេស៊ុយអេឡា ប្រឈមមុខនឹងការជ្រើសរើសយករវាងសង្រ្គាម និងសន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Vazquez ធ្វើការកត់សម្គាល់បែបនេះនៅឯពិធីបើកកិច្ចប្រជុំមួយនៃក្រុមទំនាក់ទំនងអន្តរជាតិស្ដីពីវិបត្តិនៅវេណេស៊ុយអេឡា រៀបចំឡើងក្នុងទីក្រុង Montevideo ប្រទេសអ៊ុយរូហ្កាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក Vazquez បានគូសបញ្ជាក់ដូច្នេះថា៖«ជម្រើសដ៏ធំបំផុតនៅពេលនេះ គឺវេណេស៊ុយអេឡាត្រូវជ្រើសរើសរវាងសង្រ្គាម និងសន្តិភាព...ហើយ នេះគឺជាហេតុផលដែលពួកយើងបានអំពាវនាវឱ្យមានភាពស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងទាមទារការយកចិត្តទុកដាក់ពី សហគមន៍អន្តរជាតិ»

គួរបញ្ជាក់ថា អ្នកតំណាងមកពីប្រទេសក្នុងតំបន់អឺរ៉ុប និងតំបន់អាមេរិកឡាទីនចំនួន១៣ បានចូលរួមក្នុងកិច្ចប្រជុំរៀបចំឡើងនៅ ក្នុងទីក្រុង Montevideo ដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិបត្តិវេណេស៊ុយអេឡា៕