(វ៉ាស៊ីនតោន)៖ អាមេរិកកំពុងរៀបចំចេញបម្រាម មិនឲ្យ​សមាជិកនៃសភាធម្មនុញ្ញជាតិ​វេណេស៊ុយអេឡា ធ្វើដំណើរ​មកកាន់​​សហរដ្ឋ​អាមេរិក​ឡើយ។ នេះបើតាមការបញ្ជាក់ពី បេសកជនអាមេរិក​ទទួលបន្ទុកបញ្ហាវេណេស៊ុយអេឡា ដកស្រង់សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក អ៊ែលលីយ៉ូត អាប្រាម (Elliott Abrams) ដែលជាមន្រ្តីបេសកជន​ពិសេស​​របស់អាមេរិក​​ប្រចាំ​វេណេស៊ុយអេឡា​បានឲ្យដឹងថា ទីក្រុង​វ៉ាស៊ីនតោន​កំពុងត្រៀមដាក់ចេញនូវបម្រាម​ទិដ្ឋាការ​ ក៏ដូចជាធ្វើការដកហូតនូវ​ទិដ្ឋាការ​របស់សមាជិក​ ​នៃសភាធម្មនុញ្ញ​​មិនស្រប​ច្បាប់របស់វេណេស៊ុយអេឡា ស្របពេលដែលអាមេរិក​កំពុងព្យាយាមបង្កើនការដាក់សម្ពាធ​ឲ្យ​ប្រធានាធិបតីវេណេស៊ុយ​អេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បង់ចោលអំណាច​។

គួរជម្រាបថា ​កាលពីថ្ងៃទី២៣ ខែមករា ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់មេបក្សប្រឆាំង​វេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីស្តីទី​​របស់វេណេស៊ុយអេឡា បន្ទាប់ពី​​លោក ម៉ាឌូរ៉ូ ទើប​តែបានស្បថ​ចូល​បន្តកាន់​អំណាច។ ជាការ​ឆ្លើយតប លោក ម៉ាឌូរ៉ូ ក៏បានប្រកាស​កាត់ផ្តាច់ចំណងការទូត​ និងនយោបាយ​​​ជាមួយ​អាមេរិក​​ចោលតែ​ម្តង៕