(បាងកក)៖ ព្រះរាមរបស់ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Vajiralongkorn) គឺព្រះនាង​ម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា (Ubolratana Rajakanya) នឹងចូលរួមប្រកួត​ប្រជែង​យកតំណែងជា​នាយករដ្ឋមន្ត្រី​នៅក្នុងការបោះឆ្នោត​សកល ដែលគ្រោងនឹងប្រព្រឹត្ត​ទៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។ នេះបើតាម​​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ការប្រកាស​ពីការចូលរួមនៅក្នុងការបោះឆ្នោត​នេះ ត្រូវបានធ្វើឡើង​ដោយគណបក្ស ថៃរក្សាជាតិ (Thai Raksa Chart) នៅថ្ងៃសុក្រនេះ​បន្ទាប់ពីមានពាក្យចចាម​អារ៉ាមជាច្រើនថា ព្រះនាងម្ចាស់ដែលមានព្រះជន្ម ៦៧វស្សានេះនឹងចូលរួមក្នុងឆាក​នយោបាយ។ បន្ថែមពីនេះ​បើតាម​គេហទំព័រ Khaosod ការប្រកាសតែងតាំង​ព្រះនាងម្ចាស់ Ubolratana Rajakanya ជាបេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស Thai Raksa Chart ក៏ត្រូវបាន​ទទួល​​ស្គាល់ពីនាយករដ្ឋមន្ត្រី​ថៃ​លោក ប្រយុទ្ធ ចាន់អូចា ដែលកំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ផ្សែងពុល​នៅក្នុងប្រទេសថៃ ដែលអាចនឹងធ្វើឱ្យប៉ះពាល់​ដល់ប្រជាប្រិយភាព​របស់លោក​ មុនការបោះឆ្នោត​មក​ដល់។

គួរបញ្ជាក់ថា ព្រះនាងម្ចាស់ Ubolratana Rajakanya គឺជាបុត្រីច្បង​នៃ​អតីតព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) និងម្ចាស់​ក្សត្រី សិរីគិត (Sirikit)។ ប៉ុន្តែព្រះនាងបាន​បោះបង់ចោលតួនាទី​ជារាជ្យវង្ស​របស់ខ្លួន កាលពីឆ្នាំ១៩៧២ ដើម្បីទៅរៀបការ​ជាមួយជនជាតិ​អាមេរិកម្នាក់​ឈ្មោះ ភីធើ ឡេដ ហ្សិនសិន (Peter Ladd Jensen) ដែលវាមានន័យថា ព្រះនាង​គ្មាន​សិទ្ធិនៅក្នុងការទទួលរាជសម្បត្តិ​នោះឡើយ៕