(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថាសហរដ្ឋអាមេរិកបានរំលោភលើសិទ្ធិសញ្ញានុយក្លេអ៊ែរ INF អស់រយៈពេលជាច្រើន​ឆ្នាំ មកហើយ​ និងអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនបំផ្លាញមីស៊ីល Tomahawk និងយន្តហោះដ្រូនប្រយុទ្ធទាំងអស់ដើម្បីជាការអនុវត្តឱ្យ​ស្របទៅតាម​សន្ធិសញ្ញា INF។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ការកត់សម្គាល់ខាងលើរបស់ក្រសួងការពារជាតិរុស្ស៊ី ធ្វើឡើងនៅក្នុងកំណត់ទូតមួយដែលប្រគល់ឱ្យមន្ត្រីទូតអាមេរិកប្រចាំទីក្រុង​ម៉ូស្គូកាលពីថ្ងៃពុធកន្លងទៅ។ នៅក្នុងកំណត់ទូតដដែល ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងដូច្នេះថា៖ «ដើម្បីត្រឡប់ទៅរកការ​អនុវត្តតាមសន្ធិសញ្ញា INF សហរដ្ឋអាមេរិកត្រូវតែបំផ្លាញមីស៊ីល Tomahawk និងយន្ដហោះដ្រូនប្រយុទ្ធទាំងអស់ ពីព្រោះវាត្រូវ បានចាត់ទុកថាជាប្រភេទអាវុធ និងមីស៊ីលដែលត្រូវបានហាមឃាត់»

គួរបញ្ជាក់ថា កាលពីដើមខែកុម្ភៈកន្លងទៅ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានប្រកាសថាសហរដ្ឋអាមេរិកបាន ចាប់ផ្ដើមនិតិវិធីដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ ដែលបានចុះហត្ថលេខាជាមួយអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ ហើយ ថាទីក្រុងវ៉ាស៊ីនតោនអាចនឹងលុបចោលការសម្រេចចិត្តដកខ្លួននេះ បើរុស្ស៊ីត្រឡប់មករកការអនុវត្តតាមសន្ធិសញ្ញានេះវិញក្នុង រយៈពេល ១៨០ថ្ងៃ៕