(ប៉ារីស)៖ រដ្ឋាភិបាលទីក្រុងប៉ារីស​បានកោះហៅអគ្គរដ្ឋទូត​ប្រចាំទីក្រុងរ៉ូម ត្រឡប់មកកាន់​ប្រទេស​បារាំងវិញ បន្ទាប់ពីការវាយប្រហារដោយ​ពាក្យសម្តី ពីសំណាក់ក្រុមអ្នកនយោបាយ​មួយចំនួននៅអ៊ីតាលី​មកលើប្រទេសបារាំង កាន់តែធ្ងន់ធ្ងរឡើងដែល​មិនធ្លាប់មាន​តាំងពី​សម័យបញ្ចប់​សង្គ្រាមមក។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មានបារាំង France 24 នាយប់​ថ្ងៃព្រហស្បតិ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រៅពីការកោះហៅ​អគ្គរដ្ឋទូតមកវិញ បារាំងក៏បានអំពាវនាវឲ្យក្រុមអ្នក​នយោបាយអ៊ីតាលី ធ្វើការកែសម្រួលអាកប្បកិរិយា​របស់ពួកគេ ឲ្យសាកសមជាមិត្តរបស់​បារាំងឡើងវិញផងដែរ។ ប្រទេសបារាំង​ និងអ៊ីតាលីបាន​ជួបប្រទះប្រវត្តិសាស្ត្រ​មិនល្អរវាងគ្នា កាលពីអំឡុង​សម័យសង្គ្រាមលោកលើកទីពីរ ជុំវិញជម្លោះដណ្តើមជួរភ្នំ Alps ហើយ​ចាប់​តាំងពីពេលនោះមក អ្នកនយោបាយ​មួយចំនួន​តែងតែ​លើកឡើងពីបញ្ហានេះ ប៉ុន្តែមួយរយៈចុង​ក្រោយនេះ​វាបាន​ក្លាយ​ជារឿង​រ៉ាវកាន់តែធំ​ឡើងៗ ទើបធ្វើឲ្យប្រទេស​បារាំងបញ្ចេញ​ប្រតិកម្មខ្លាំងៗ។

នៅក្នុងសេចក្តីថ្លែងការណ៍​នោះបារាំងបាន​បញ្ជាក់ថា «ការ​លើកឡើង​របស់​ក្រុមអ្នក​នយោបាយ​អ៊ីតាលី គឺគ្មានភាពពិតជាក់ស្តែង​នោះឡើយ​ តាំងពីសម័យសង្គ្រាម​លោកលើកទីពីរ។ ការ​គ្មាន​កិច្ចព្រមព្រៀង​រវាងគ្នានោះគឺជារឿងមួយ ប៉ុន្តែការយកទំនាក់ទំនង​ប្រទេសទាំងពីរ​យក​មកធ្វើជាគោលដៅ​នៃការចំណេញ​សំឡេងឆ្នោតនោះ គឺជារឿង​ផ្សេងមួយទៀត...»

គួរបញ្ជាក់តាម​ការអះអាងរបស់​បារាំងថា ឧបនាយករដ្ឋមន្ត្រី​ពីររូបរបស់​អ៊ីតាលី គឺលោក Matteo Salvini និងលោក Luigi Di Maio បានធ្វើការចោទ​ប្រកាន់​មកប្រធានាធិបតី​​បារាំង លោក អេមម៉ានុយអ៊ែល ម៉ាក្រុង ថាជាអ្នកដុត​បញ្ហាឲ្យឆេះរោល​ទៅវិញ។ បញ្ហាទាំ​ងអស់នេះ ធ្វើឲ្យ​ប្រទេសបារាំង​បង្ហាញការងឿង​ឆ្ងល់ថា តើរដ្ឋាភិបាល​​អ៊ីតាលីកំពុងមានចេតនា​អ្វី​ចំពោះបារាំង ឲ្យពិតប្រាកដ?