(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​​បានលើកឡើងពីបំណង​របស់ខ្លួន ដែលចង់ឲ្យប្រទេស​វេណេស៊ុយអេឡា​ឈប់ពឹងផ្អែក​លើរុស្ស៊ី និងគុយបា បន្ទាប់ពីមានការ​ផ្ទេរអំណាចដោយ​​សន្តិវិធី​ធ្វើឡើងនៅ​ប្រទេសអាមេរិកឡាទីន​មួយនេះ។ នេះបើតាមការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀល​ថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដកស្រង់ចេញពី​កិច្ចសម្ភាសន៍​រវាង​បណ្តាញ Fox Business ជាមួយរដ្ឋមន្ត្រី​​ការបរទេស​​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ។

លោក ម៉ៃក៍ ប៉ុមប៉េអូ បានលើកឡើង​យ៉ាងដូច្នេះថា «រុស្ស៊ីក៏នៅទីនេះ ហើយគុយបា​ក៏នៅទីនេះ។ យើងសង្ឃឹមថា នៅពេលដែល​មានការផ្ទេរអំណាច​ដោយ​សន្តិវិធីនៅ​វេណេស៊ុយអេឡា ដែលជាគោលដៅ​ចម្បងបំផុតរបស់​យើងនោះ ប្រជាជន​វេណេស៊ុយអេឡា​នឹងចង់ឲ្យប្រទេសនេះ​មានអធិបតេយ្យភាព និងឯករាជ្យភាព ដោយមិនពឹងផ្អែកលើជនជាតិរុស្ស៊ី និងគុយបា ដើម្បីការពារសន្តិសុខ និងការរីកចំរើន​របស់ពួកគេ​ទៀតនោះទេ...»។

គួរបញ្ជាក់ថា ក្រៅពីការលើក​ឡើងខាងលើនេះ រដ្ឋមន្ត្រី​ការបរទេសអាមេរិក​ក៏បានអំពាវនាវឲ្យ​យោធាវេណេស៊ុយអេឡាដែលស្ថិតក្រោម​បញ្ជារបស់​លោក ម៉ាឌូរ៉ូ អនុញ្ញាតឲ្យរថយន្តដឹក​ជំនួយអន្តរជាតិ​ដឹកនាំដោយអាមេរិក ចូលទៅកាន់​វេណេស៊ុយអេឡា​ដើម្បីជួយសង្គ្រោះ​ជនទុរភិក្ស​ផងដែរ ខណៈរថយន្ត និងនាវាដឹកជំនួយទាំងអស់​ត្រូវបានឃាត់នៅព្រំដែន ដោយសារ​រដ្ឋាភិបាល​ចាត់ទុកទង្វើ​អាមេរិកនេះ ជាចេតនាឈ្លានពាន៕