(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូត​នៃសាធាណរដ្ឋប្រជាមានិតចិន​ប្រចាំ​សហរដ្ឋអាមេរិក លោក គុយ ធានកៃ (Cui Tiankai) បានលើកឡើងថា ប្រទេសចិន និង​អាមេរិក គ្មាន​ជម្រើស​​អ្វី​ដែល​ប្រសើរជាងកិច្ច​សហប្រតិបត្តិការ​រវាងគ្នានោះឡើយ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។

ការលើកឡើង​របស់អគ្គរដ្ឋទូតចិន​ខាងលើនេះ គឺធ្វើឡើងមួយថ្ងៃ​បន្ទាប់ពី​អគ្គរដ្ឋទូត​​អាមេរិក​ប្រចាំទីក្រុង​តូក្យូ លោក វីលៀម ហាហ្គើធី (William Hagerty) បានផ្តល់បទ​សម្ភាសន៍​ដល់​កាសែតក្នុង​ស្រុកជប៉ុន អំពីអ្វីដែល​​ជប៉ុន និង​អាមេរិក​បាន​និងកំពុងធ្វើ ដើម្បីបើក​ទូលាយ​សេដ្ឋកិច្ចទីផ្សារសេរី នៃប្រទេសមហាយក្ស​សេដ្ឋកិច្ចទាំងពីរ ប៉ុន្តែនៅក្នុងនោះលោក William ក៏មិនភ្លេចដែរ​ក្នុងការរិះគន់ប្រទេសចិន​លើវិស័យ​ពាណិជ្ជកម្ម និង​យោធា​ជាដើម ដែលលោក​ចាត់ទុកជាបញ្ហាប្រឈមធំ​បំផុតសម្រាប់​ជប៉ុន និងអាមេរិក។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងចិន​ជាប្រទេស​សេដ្ឋកិច្ចធំបំផុតទាំង​ពីរលើលោក ខណៈ​ជប៉ុន​ឈរនៅ​លេខរៀង​ទី ៣ ហើយបើបូក​ទំហំសេដ្ឋកិច្ចប្រទេស​ទាំងបីនេះ​ចូលគ្នា គឺស្មើ​នឹងជាង ៤០%ទៅហើយ នៃទំហំសេដ្ឋកិច្ច​សកល។ បន្ថែមពីនេះការផ្ទុះសង្គ្រាមសេដ្ឋកិច្ច​​រវាងចិន និង​អាមេរិក បាននិងកំពុងធ្វើឲ្យប៉ះពាល់ជារួមដល់ទីផ្សារសេដ្ឋកិច្ចពិភពលោក ដែល​បណ្តា​​ប្រទេស​ទាំង​អស់​បាន​អំពាវនាវឲ្យមហាយក្ស​ទាំងពីរ ដោះស្រាយ​​ជម្លោះនេះប្រកបដោយប្រសិទ្ធភាព៕