(អាមេរិក)៖ ក្រុមហ៊ុន​ Facebook ទីបំផុត បានធ្វើតាមការសន្យារបស់ខ្លួន ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់ អាចលុបការបញ្ជូនសារ តាមរយៈកម្មវិធីផ្ញើសារ Messenger ។ ចំណុចនេះដើម្បីជួយឲ្យអ្នកប្រើប្រាស់ អាចលុបចោលវិញ នូវសារអាក្រក់, សារគួរឲ្យខ្មាន់អៀន ឬក៏សារផ្សេងទៀត។

យោងតាមសារព័ត៌មាន Techcrunch ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា មានរយៈពេលរហូតដល់១០នាទី បន្ទាប់ពីសារ ត្រូវបានបញ្ជូនទៅ ក្នុងកម្មវិធី Messenger, អ្នកផ្ញើអាចចុចលើសារ ហើយពួកគេនឹងឃើញនូវប៊ូតុងលុប ដែលត្រូវបានជំនួសដោយ ប៊ូតុងលុបចោល សម្រាប់អ្នក «Remove for you» ប៉ុន្តែនៅពេលនេះ វាក៏បានបន្ថែមនូវប៊ូតុងមួយទៀត គឺលុបចោលសម្រាប់អ្នកគ្រប់គ្នា «Remove for everyone» ដោយវាអាចលុបចេញ ពីប្រអប់សាររបស់អ្នកទទួលបាន។ បន្ទាប់ពីអ្នកលុបចោល វានឹងបង្ហាញនូវសារប្រាប់ដំណឹងមួយថា អ្នកបានលុបចោលសារនៅក្នុងនោះ។

ជម្រើសថ្មីនេះធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែមានភាពងាយស្រួលបន្ថែមទៀត នៅក្នុងការសន្ទនា ក្នុងកម្មវិធី Messenger ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចពិចារណាម្តងទៀត នូវអ្វីដែលពួកគេបានផ្ញើចេញទៅ៕