​(ម៉ូស្គូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យម្សិលមិញ បានទទួលស្គាល់ជាផ្លូវការថាការប្រើប្រាស់កម្លាំង យោធាគឺជាជម្រើសមួយក្នុងការ​ដោះស្រាយវិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡា។ ប៉ុន្តែទន្ទឹមគ្នា លោកមិនបានបញ្ជាក់ថាទីក្រុង វ៉ាស៊ីនតោនកំពុងត្រៀមខ្លួនធ្វើសង្រ្គាមជាមួយលោក ម៉ាឌរ៉ូនោះទេ ដែលនេះកំពុងបង្កជាការសង្ស័យជាច្រើនថាតើលោក ត្រាំពិតជា នឹងបញ្ជាឱ្យកងទ័ពអាមេរិកបើកការវាយប្រហារលើវេណេស៊ុយអេឡាដែរឬក៏យ៉ាងណា ខណៈគេគ្រប់គ្នា​សុទ្ធតែស្គាល់ថាលោក​ជាមនុស្សហ៊ាននិយាយហ៊ានធ្វើ។

ជាការពិតណាស់ គម្រោង និងការអនុវត្តប្រតិបត្តិការចូលឈ្លានពានវេណេស៊ុយអេឡាមិនមែនជារឿងពិបាកសម្រាប់​កងទ័ពអាមេរិក ឡើយ។ សហរដ្ឋអាមេរិកមាន​មូលដ្ឋាន​យោធាជាច្រើននៅក្នុងតំបន់ ដូចជាមូលដ្ឋានទ័ពអាកាស Soto Cano នៅប្រទេសហង់ដូរ៉ាស់ មូលដ្ឋានទ័ពជើងទឹក Guantanamo និងមូលដ្ឋានយោធា Fort Buchanan ក្នុងទីក្រុង San Juan, នៃដែនកោះ Puerto Rico ជាដើម។ លើសពីនេះទៅទៀត ទីក្រុងការ៉ាកាស់មានចំងាយតែជាង​២២០០គីឡូម៉ែត្រ ពីទីក្រុង Miami ហើយដែលចំងាយនេះក៏​មិនមែនជាឧបសគ្គរបស់សហរដ្ឋអាមេរិកដែរ ឬនិយាយឱ្យចំ សហរដ្ឋអាមេរិកអាចប្រើពេលតែ២៤ម៉ោង ក្នុងការធ្វើប្រតិបត្តិការ​យោធា។ ប៉ុន្តែអ្វីដែលលំបាកគឺលទ្ធផល ពីព្រោះវេណេស៊ុយអេឡាមិនមែនជាប្រទេស​ទន់ខ្សោយខាងយោធានោះទេ ពោលគឺ បើសង្រ្គាមផ្ទុះឡើងយោធាវេណេស៊ុយអេឡាអាចនឹងចាត់វិធានការឆ្លើយតប ហើយរុស្ស៊ីក៏ទំនងផ្ដួលរំលំរដ្ឋាភិបាលលោកម៉ាឌូរ៉ូ ដោយងាយៗដែរ។

* តើសហរដ្ឋអាមេរិក អាចនឹងប្រើកម្លាំងយោធាវាយប្រហារលើវេណេស៊ុយអេឡាដែរឬទេ?
ថ្លែងតាមកញ្ចក់ទូរទស្សន៍អាមេរិកកាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានអះអាងថាលោកបានទាត់ចោលកិច្ចចរចាជាមួយលោក ម៉ាឌូរ៉ូ ហើយថាការប្រើកម្លាំងយោធាជាជម្រើសមួយក្នុងការដោះស្រាយវិបត្តិបច្ចុប្បន្ននៅក្នុងប្រទេសវេណេស៊ុយអេឡា។ ការលើក​ឡើងបែបនេះរបស់លោកត្រាំ កើតមានឡើងក្រោយមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាទីក្រុងវ៉ាស៊ីនតោនមានគម្រោងបញ្ជូន យោធាជាង៥,០០០នាក់ ទៅកាន់ប្រទេសកូឡុំប៊ីដើម្បីត្រៀមធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។

ម្យ៉ាងវិញទៀត បើគេនិយាយត្រឡប់ក្រោយ សហរដ្ឋអាមេរិកក៏ធ្លាប់បានឈ្លានពានប្រទេសមួយចំនួន នៅក្នុងតំបន់អាមេរិកឡាទីន ផងដែរក្នុងនោះមានដូចជាសាធារណរដ្ឋដូមីនិក នៅឆ្នាំ១៩៦៥, ហ្រ្គែនណាដា ឆ្នាំ១៩៨៣ និងប៉ាណាម៉ា នៅឆ្នាំ១៩៨៩ ក្រោមហេតុផលប្រហាក់ប្រហែលគ្នានោះគឺការការពារពលរដ្ឋអាមេរិក និងស្ដារលិទ្ធិប្រជាធិបតេយ្យ។

តែទោះជាយ៉ាងនេះក្ដី ស្ថានភាពបច្ចុប្បន្នមិនដូចពីមុននោះទេ វេណេស៊ុយអេឡាដ្បិតសេដ្ឋកិច្ចត្រូវខ្ទេចខ្ទាំ តែមានកម្លាំងយោធាសម ល្មមអាចទប់ទល់នឹងសហរដ្ឋអាមេរិក ក្នុងករណីមានសង្រ្គាម ហើយដែលសង្រ្គាមនេះទៀតសោតមិនមែនមានរយៈពេលត្រឹមតែ២ ឬ៣សប្ដាហ៍ឡើយ។ ដូច្នេះ សហរដ្ឋអាមេរិកទំនងជានឹងមិនប្រើប្រាស់កម្លាំងយោធាដោយផ្ទាល់វាយប្រហារលើរដ្ឋាភិបាលលោក ម៉ាឌូរ៉ូនោះទេ ព្រោះថ្វីបើបណ្ដាប្រទេសអាមេរិកឡាទីនគាំទ្រមេបក្សប្រឆាំងលោក ជូនអាន់ ហ្គៃដូក៏ពិតមែន តែពួកគេនៅតែប្រឆាំង​នឹងការប្រើប្រាស់កម្លាំងយោធា ដោយខ្លាចក្រែងសង្រ្គាមស៊ីវិលផ្ទុះឡើងនៅវេណេស៊ុយអេឡាអាចនឹងរាលដាលដល់ប្រទេសដទៃ​នៅក្នុងតំបន់ ។

បន្ថែមពីលើនេះ មានហេតុផលបីដែលអ្នកជំនាញខ្លះយល់ថាសហរដ្ឋអាមេរិកនឹងមិនធ្វើប្រតិបត្តិការយោធាដោយផ្ទាល់ទម្លាក់លោក ម៉ាឌូរ៉ូពីអំណាច។ ហេតុផលទី១៖ បើសហរដ្ឋអាមេរិកបើកការវាយប្រហារលើវេណេស៊ុយអេឡា លោកម៉ាឌូរ៉ូ អាចនឹងប្រើលេសនេះ អំពាវនាវឱ្យប្រជាជនវេណេស៊ុយអេឡាងើបឡើងរួបរួមគ្នាប្រឆាំងនឹងការឈ្លានពានពីបរទេស។ ប្រជាជនវេណេស៊ុយអេឡាបើទោះ ជាកំពុងរស់នៅក្នុងស្ថានភាពដ៏លំបាក ដោយសារតែវិបត្តិសេដ្ឋកិច្ច ប៉ុន្តែពួកគេមិនចង់មានវាសនាដូចជាលីប៊ី ស៊ីរី និងអ៊ីរ៉ាក់ឡើយ។ នេះបើតាមការទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ។ ទី២៖ នោះគឺសហរដ្ឋអាមេរិកត្រូវតែមានហេតុផលមួយដែលសហគមន៍​អន្តរជាតិទាំងមូលអាចទទួលយកបានដើម្បីអាចប្រើប្រាស់កម្លាំងយោធា ស្របពេលប្រតិបត្តិការយោធានៅអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន សុទ្ធតែត្រូវបានអន្តរជាតិថ្កោលទោស។ ហេតុផលទី៣៖ វេណេស៊ុយអេឡាមានសណ្ឋានដីស្មុគស្មាញជាពិសេសគឺសម្បូរព្រៃដែល សហរដ្ឋអាមេរិកធ្លាប់ភ្លក្សរស់ជាតិម្ដងរួចមកហើយនៅក្នុងសង្រ្គាមវៀណាម។ ដូច្នេះចង់ឬមិនចង់សហរដ្ឋអាមេរិកអាចនឹងប្រមូលផ្ដុំ កម្លាំងអន្តរជាតិដាក់សម្ពាធលើលោកម៉ាឌូរ៉ូជាមុនសិន ឬអាចនិយាយបានថាទីក្រុងវ៉ាស៊ីនតោននឹងមិនធ្វើប្រតិបត្តិការយោធាតែម្នាក់ ឯងនោះទេ។

* រុស្ស៊ីអាចនឹងចូលជួយវេណេស៊ុយអេឡាដូចនៅស៊ីរី
ស្របពេលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រកាសទទួលស្គាល់មេបក្សប្រឆាំងដែលប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតី វេណេស៊ុយអេឡា លោក ជូអាន់ ហ្គៃដូ រុស្ស៊ីបានចេញមុខជំទាស់មុនគេបង្អស់ ហើយនៅតែប្រកាសទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់របស់វេណេស៊ុយអេឡា។ ទំនាក់ទំនងរវាងរុស្ស៊ី និងវេណេស៊ុយអេឡា មានភាពរឹងមំាតាំងតែពីសម័យ អតីតប្រធានាធិបតីលោក អ៊ុយហ្គូ ឆាវេសមកម្លេះ ជាពិសេសទាក់ទិននឹងវិស័យប្រេង។ មិនតែប៉ុណ្ណោះ ទីក្រុងការ៉ាកាស់ជាសម្ព័ន្ធមិត្ត ដ៏ធំតែមួយគត់របស់ទីក្រុងម៉ូស្គូនៅក្នុងតំបន់អាមេរិកឡាទីន ដែលមានប្រទេសភាគច្រើនឈរនៅខាងសហរដ្ឋអាមេរិក។ ដូច្នេះបើ រុស្ស៊ីចង់ពង្រីក និងរក្សាឥទ្ធិពលនៅក្នុងតំបន់ ចាំបាច់ត្រូវតែជួយការពារបបដឹកនាំលោក ម៉ាឌូរ៉ូ ដូចដែលខ្លួនធ្លាប់បានធ្វើនៅស៊ីរី តាមរយៈការគាំទ្រប្រធានាធិបតីលោក បាស្សា អាល់អាសាដ។

ដោយឡែក បើនិយាយពីចិនវិញ អ្នកជំនាញជាច្រើនយល់ថាទោះបីជាទីក្រុងប៉េកាំង ប្រកាសគាំទ្រលោក ម៉ាឌូរ៉ូក៏ដោយ តែបើសង្រ្គាមផ្ទុះឡើងចិនទំនង​ជានឹងមិនជួយ​លោក ម៉ាឌូរ៉ូពេញដៃពេញជើងនោះទេ ឬក៏អាចត្រឹមតែថ្កោលទោស ឬក៏ផ្ដល់ជំនួយ ជាហិរញ្ញវត្ថុដល់ទីក្រុងការ៉ាកាស់ប៉ុណ្ណោះ។ ការយល់បែបនេះបន្ទាប់​ពីគេមើលឃើញមហាយក្សអាស៊ីមួយនេះសុខចិត្តឱ្យរបបដឹកនាំ លោក Robert Mogabe ដួលរលំ នៅពេលដែលយោធាធ្វើរដ្ឋប្រហាររូបលោក។

គួរបញ្ជាក់ថា បច្ចុប្បន្ន វេណេស៊ុយអេឡាក៏ជួបវិបត្តិមានប្រធានាធិបតីដល់ទី២ មួយគឺលោកម៉ាឌូរ៉ូ មានរុស្ស៊ី និងចិនជាខ្នងបង្អែកធំ រីឯមេបក្សប្រឆាំងលោក ហ្គៃដូ មានសហរដ្ឋអាមេរិក និងលោកខាងលិចគំាទ្រ៕

ប្រភព៖ Russian Today (ថ្ងៃចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩)