(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិក​នៅថ្ងៃចន្ទនេះបានឱ្យដឹងថា មនុស្សយ៉ាង​ហោចណាស់ ០២នាក់បានស្លាប់​នៅក្នុងគ្រោះថ្នាក់​ធ្លាក់​យន្ដហោះខ្នាត​តូចមួយគ្រឿង​ លើផ្ទះមួយខ្នង​ក្នុងរដ្ឋកាលីហ្វ័រញ៉ា ភាគខាងលិច​សហរដ្ឋអាមេរិក។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរ​នៅក្នុងតំបន់ យន្ដហោះខ្នាតតូច​ប្រភេទេ Cessna 414A បានធ្លាក់លើផ្ទះមួយ​ខ្នងនៅតំបន់ អូរ៉េង ខោនធី (Orange County) នៃទីក្រុង យរបា លីនដា (Yorba Linda) ដោយបង្កឱ្យមាន​ភ្លើងឆេះនៅម៉ោង​ប្រមាណជា​ ២៖០០នាទីរសៀលថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក)។ ចំណែកឯមនុស្ស ០២នាក់​ផ្សេងទៀតក៏ត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ​ផងដែរ។

គួរបញ្ជាក់ថា អត្តសញ្ញាណ​អ្នកស្លាប់មិនទាន់ត្រូវបានកំណត់​នៅឡើយទេ ខណៈការស៊ើប​អង្កេត​កំពុងធ្វើឡើង ហើយចំនួនអ្នកជិះនៅលើយន្ដហោះខ្នាត​តូចខាងលើ មិនមាន​ការបញ្ជាក់ឱ្យ​ច្បាស់ដែរ៕