(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ នឹងចូលរួម​ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី​មួយ ស្ដីពីការដោះស្រាយ​វិបត្តិនៅក្នុង​ប្រទេស​វេណេស៊ុយអេឡា ដែលរៀបចំ​ឡើង​នៅក្នុង​ទីក្រុង អូតាវ៉ា (Ottawa) ប្រទេសកាណាដា។ នេះបើតាម​ក្រសួងការបរទេស​អាមេរិក ដកស្រង់ការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik ​នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងនៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់ខ្លួន ក្រសួងការបរទេស​អាមេរិក បានឱ្យដឹង​យ៉ាងដូច្នេះថា «នៅម៉ោង ១១៖១៥នាទី​ព្រឹក​ថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) លោក​រដ្ឋមន្ត្រី ប៉ុមប៉េអូ នឹងត្រូវចូលរួមក្នុង​កិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រីលីម៉ា​ (Lima Group) លើកទី ១០ នៅទីក្រុង Ottawa ប្រទេស​កាណាដា​តាមរយៈវីដេអូ Conference ចេញពីក្រសួងការបរទេសអាមេរិក»។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនៃ Lima Group នឹងត្រូវចូលរួម​ក្នុងកិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រីលើកទី ១០ ក្នុងទីក្រុង Ottawa ប្រទេស​កាណាដា នៅថ្ងៃចន្ទ ដើម្បីស្វែងរក​ដំណោះស្រាយសម្រាប់​វិបត្តិ​វេណេស៊ុយអេឡា។ Lima Group គឺស្ថាប័នមួយ​ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៧ នៅទីក្រុង Lima ប្រទេស​ប៉េរូ ក្នុងគោលបំណង​រកដំណោះស្រាយសន្តិភាព ​ឱ្យប្រទេសវេណេស៊ុយអេឡា៕