(វ៉ាស៊ីនតោន)៖ ​ប្រធានគណៈកម្មាធិការ​ត្រួតពិនិត្យវិស័យយោធា​​ នៃព្រឹទ្ធសភា​អាមេរិក ជីម អ៊ីនហូហ្វ (Jim Inhofe) បានលើកឡើងថា​ យោធា​អាមេរិកត្រូវការ​ការវិនិយោគឲ្យច្រើន​ថែមទៀត ដោយសារតែ​បច្ចុប្បន្ន​ទីក្រុង​វ៉ាស៊ីនតោន​កំពុងមាន​ការធ្លាក់ចុះអំណាច​យោធា​​របស់ខ្លួន ធៀបនឹង​គូប្រជែង​ដូចជារុស្ស៊ី និងចិន។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅ​ព្រឹក​​ថ្ងៃចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Jim Inhofe បាន​និយាយថា សហរដ្ឋអាមេរិកបាន និងកំពុងបាត់បង់នូវ​ឥទ្ធិពល​ទាំងផ្នែកសព្វាវុធ​ធម្មតា និង​សព្វាវុធ​ដែល​​ប្រើប្រាស់បច្ចេកវិទ្យា​ទំនើបៗ រួមមាន​ដូចជា AI (Artificial Intelligence), អាវុធលឿន​ជាង​សំឡេង, និងសូម្បីតែ​ប្រភេទអាវុធ​ប្រើ​​ថាមពល​ជាដើម។

លោក Inhofe បានបន្តថា សហរដ្ឋអាមេរិកបាន​ទទួលជ័យជម្នះ​ក្នុង​សង្រ្គាមលោក​ទាំងពីរ​លើក គឺដោយសារតែឫទ្ធ​​អំណាច​យោធា​ដ៏​អស្ចារ្យលើសគេ​របស់ខ្លួន ដោយកាលពីចុង​សម័យសង្រ្គាមត្រជាក់​ក្រសួងការពារជាតិ​អាមេរិក មានយន្តហោះ​ចម្បាំង ​និង​​យោធា​ច្រើនជាងចំនួនយន្តហោះរួមបញ្ចូលគ្នារវាងរុស្ស៊ីនិងចិនទៅទៀត។

ក៏ប៉ុន្តែ​ក្រោយការដួលរលំនៃ​​សហភាពសូវៀត​​​ អាមេរិកក៏បាន​ធ្លាក់ចុះឥទ្ធិពល​ពីមួយឆ្នាំទៅមួយឆ្នាំ​ រហូតមក​ទល់​ពេលនេះ។ ទាក់ទិននឹង​កញ្ចប់​ថវិកាសម្រាប់វិស័យការពារជាតិ​អាមេរិកនៅ​ឆ្នាំ២០២០ ត្រូវគេរំពឹងថា នឹងមានការកើនឡើង​លើសពី​ចំនួន​​បច្ចុប្បន្ន​ ដែលមានទំហំ​ប្រមាណ ៧៥០ពាន់លានដុល្លារ។

គួរជម្រាបថា នៅក្នុងផែនការយុទ្ធសាស្រ្ត​ការពារមីស៊ីលរបស់​សហរដ្ឋអាមេរិក ដែលដាក់ចេញកាលពី​ពាក់កណ្តាលខែ​មករា ​​ប្រទេសរុស្ស៊ី និងចិន ត្រូវបាន​ចាត់ទុកថា អាចជាគូសត្រូវចម្បងបំផុត​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន ដែល​​មានសមត្ថភាព​បើកការ​វាយប្រហារ​នុយក្លេអ៊ែរ មកលើ​ទឹកដី​អាមេរិកបាន ខណៈអ៊ីរ៉ង់ និងកូរ៉េខាងជើងបាន​ធ្លាក់ទៅបង្កោមលេខ​រៀងទីពីរ​វិញ៕