(បាកដាដ)៖ ​ក្រុមអ្នកតាក់តែង​ច្បាប់នៃ​ប្រទេស​អ៊ីរ៉ាក់ កំពុងគ្រោង​រៀបចំនូវ​សេចក្តីព្រាងច្បាប់​មួយ ដើម្បីបញ្ចប់វត្តមាន​យោធា​​អាមេរិក និង​បរទេសដទៃ​ទៀតនៅក្នុង​ប្រទេសនេះ។ នេះបើតាមសម្តី​អនុប្រធានទីមួយ​​​នៃសភាអ៊ីរ៉ាក់ លោក ហាស្សាន ការីម អាល់ខាអាប៊ី (Hassan Karim al-Kaabi) ដកស្រង់​ខ្លឹមសារ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Kaabi បាន​និយាយថា នៅក្នុងអង្គប្រជុំបន្ទាប់​សភាអ៊ីរ៉ាក់នឹង​ធ្វើការទៅ​លើ​សេចក្តីព្រាងច្ប​ប់មួយ ដែលនឹង​រួម​មាន​ការ​បិទបញ្ចប់នូវកិច្ច​ព្រមព្រៀងផ្នែកសន្តិសុខ​ជាមួយសហរដ្ឋអាមេរិក ព្រមទាំងការ​បញ្ចប់វត្តមានមន្រ្តីយោធា​ផ្នែកហ្វឹកហាត់ និង​ប្រឹក្សា​​យោបល់​របស់អាមេរិក​ក៏ដូចជាបរទេស​ដទៃ​ទៀត។

គួរជម្រាបថា សេចក្តីថ្លែងការណ៍​ខាងលើនេះ កើតមានឡើង​ចំពេលដែល​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ថ្លែងពាក់ព័ន្ធនឹង​ស្ថានការណ៍នៅ​ប្រទេសអ៊ីរ៉ាក់។ និយាយឲ្យ​ចំទៅ​គឺលោក ត្រាំ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន​​ចង់​រក្សា​​កម្លាំងយោធា​របស់ខ្លួននៅ​អ៊ីរ៉ាក់ ដើម្បី​អនុញ្ញាតឲ្យ​សហរដ្ឋអាមេរិកបន្តឃ្លាំមើល​សកម្មភាព​របស់អ៊ីរ៉ង់៕