(ការ៉ាកាស់)៖ អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បាននិយាយថាទីក្រុងការ៉ាកាស់បានត្រៀមខ្លួនរួច ជាស្រេចដើម្បីទប់ទល់នឹងការឈ្លានពានទាំងឡាយពីសំណាក់បរទេស បន្ទាប់ពីប្រធានាធិបតីអាមេរិក ​លោក ដូណាល់ ត្រាំ បាន អះអាងជាសាធារណៈថាការប្រើប្រាស់កម្លាំងយោធាគឺជាជម្រើសសម្រាប់វិបត្តិនៅវេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Russian Today នៅថ្ងៃចន្ទ​ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។​

លោកស្រី Rodriguez ធ្វើការកត់សម្គាល់បែបនេះប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពីថ្ងៃអាទិត្យ ហើយលោកស្រីក៏បានចាត់ទុកផង​ដែរថាការលើកឡើងរបស់លោក ដូណាល់ ត្រាំ គឺជារឿងមិនអាចទទួលយកបាន។​ លោកស្រី Rodriguez បានលើកឡើងដូច្នេះ​ថា៖«កងទ័ព និងប្រជាជនវេណេស៊ុយអេឡាបានត្រៀមខ្លួនរួចជាស្រេចដើម្បីសងសឹកទៅនឹងការឈ្លានពានណាមួយពីសំណាក់​យោធាបរទេស...ហើយយើងនឹងមិនអនុញ្ញាតឱ្យបរទេសឈ្លានពាន ឬលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់យើងឡើយ មិនថាពួកគេជា​នរណា ឬមកពីទីណានោះទេ»

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក លោក ដូណាល់ ត្រាំ បានទាត់ចោលកិច្ចចរចាទាំងឡាយជាមួយ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ជាមួយការបញ្ជាក់ត្រង់ៗតែម្ដងថាការបញ្ជូនយោធា ទៅកាន់ប្រទេស​វេណេស៊ុយអេឡាគឺជាជម្រើសមួយ៕