(គែរ)៖ ក្រុមបុរាណវិទូនៃប្រទេសអេហ្ស៊ីប​នាពេលថ្មីៗនេះ បានប្រកាសពីការរកឃើញផ្នូរបុរាណមួយ ដែលមានផ្ទុកវត្តមាន​សាកសពម៉ាំមី (Mummy) ប្រមាណជា៥០សព ដោយក្នុងនោះ១២សពគឺជាកុមារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។

សព Mummy ទាំងអស់ខាងលើដែលរកឃើញនៅក្នុងបុរាណឋាន Tuna El-Gebel មានជម្រៅ០៩ម៉ែត្រ នៅក្នុងខេត្តវាលខ្សាច់​ Minya ​ភាគខាងត្បូងរដ្ឋធានីគែរ គឺបានបន្សល់ទុក​តាំងពីសម័យអាណាចក្រ Ptolemaic ​​(៣០៥-៣០ឆ្នាំមុនគ្រឹស្តសករាជ)​ មក​ម្ល៉េះ​។

គួរជម្រាបថា ​អត្តសញ្ញាណរបស់ Mummy ទាំងនេះ ដែល​មួយចំនួនស្ថិតក្នុង​ការរុំដោយក្រណាត់ទទេ ​និងខ្លះទៀតតម្កល់ក្នុង​មឈូស​ថ្មឬឈើនោះ ពុំ​ត្រូវបានគេដឹងឡើយ ប៉ុន្តែអ្នកបុរាណវិទូជឿជាក់ថា ពួកគេភាគច្រើនអាចជាបុគ្គលដែលមាន​ឋានៈ​ឬ​តួនាទី​សំខាន់ៗ៕