(ប៉េកាំង)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន South China Morning Post នាថ្ងៃអាទិត្យនេះ ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ និង លោក ស៊ី ជីនពីង កំពុងពិចារណជួបមុខគ្នានៅឯប្រទេសវៀតណាម នៅថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈ​នេះ។

លោក ត្រាំ និង ស៊ី អាចនឹងជួបគ្នានៅទីក្រុងណាដាង ជាទីដែលមេដឹកនាំកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ ​ត្រូវគេរំពឹងថា នឹងបន្តពុះពារឆ្ពោះទៅរក​ការ​ដោះស្រាយ​បញ្ហាជម្លោះពាណិជ្ជកម្មដ៏តានតឹង។ ដំណឹងពាក់ព័ន្ធនឹងគម្រោងជួបមុខគ្នានេះ ត្រូវ​បានលើកឡើងដោយ លោក ត្រាំ នៅពេលប្រតិភូនៃមន្រ្តីចិន​បានទៅទស្សនកិច្ចនៅវ៉ាស៊ីនតោនក្នុងសប្តាហ៍​នេះ។ លោកបាន​បញ្ជាក់ថា លោកទន្ទឹងរង់ចាំជួបមុខ​លោក ស៊ី ម្តងជាពីរ​ទៀត ដើម្បីសម្រេចកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម។

គួរជម្រាបថា ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនក៏កំពុងរៀបចំកិច្ចប្រជុំកំពូលជាលើកទីពីរ រវាង លោក ដូណាល់ ត្រាំ និង​​ប្រមុខ​ដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផងដែរ នៅអំឡុងចុងខែកុម្ភៈនេះ។ លោក ត្រាំ បានបង្ហើបប្រាប់ថា លោកនឹង​ប្រកាស​​ពីកាលបរិច្ឆេទ​និងទីតាំងជាក់លាក់​នៃជំនួបកំពូលនេះ នៅដើមសប្តាហ៍ក្រោយ ទំនងជាក្នុងអំឡុងការថ្លែងសារ​ជាតិ​​របស់លោក ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ កន្លងមកនេះ មានការសន្និដ្ឋានជុំវិញទីតាំង​សម្រាប់កិច្ចប្រជុំ ត្រាំ-គីម លើក​ទី​ពីរ​រួចស្រេចទៅហើយ ដោយក្នុងនោះរួមមានទាំង​រដ្ឋធានីហាណូយ និងទីក្រុងដាណាង របស់វៀតណាមផងដែរ៕​