(ញូដេលី)៖ មនុស្សយ៉ាងតិច០៦នាក់បានបាត់បង់ជីវិត និងប្រមាណជា២៤នាក់បានរងរបួស នៅពេលរថភ្លើង​​មួយខ្សែរដែល​មានគោលដៅឆ្ពោះមកកាន់តំបន់ Delhi នៃរដ្ឋធានីញូដេលី បានក្រឡាច់ធ្លាក់ចេញពីផ្លូវ នៅឯរដ្ឋ Bihar ភាគឦសាន​ប្រទេស​​ឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមអាជ្ញាធរឥណ្ឌា ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងចំពេលរថភ្លើង កំពុងរត់ក្នុងល្បឿនលឿនធម្មតា ដោយ​ទូរថភ្លើងចំនួន០៩កំណាត់បានធ្លាក់ចេញពីលើផ្លូវដែក។ ជាមួយគ្នានេះ ប្រតិបត្តិការរុករកនិងជួយសង្រ្គោះ កំពុងបន្តប្រព្រឹត្ត​ទៅ​ខណៈ​អាចមានមនុស្សនៅជាប់ក្នុងកំណាត់ទូរថភ្លើងទាំងនោះ។

គួរជម្រាបថា ក្រោយហេតុការណ៍នេះ រាល់រថភ្លើងដឹកអ្នកដំណើរ​ទាំងអស់ ដែលត្រូវចរាចរណ៍តាមផ្លូវខាងលើ ត្រូវបានលុប​ចោល​ជើងធ្វើដំណើរ ហើយ​អាជ្ញាធរក្នុងតំបន់ក៏បានបើកការស៊ើបអង្កេតលើករណីគ្រោះថ្នាក់នេះផងដែរ៕