(បាកដាដ)៖ ឯកអគ្គរដ្ឋទូត​វេណេស៊ុយអេឡា​ប្រចាំនៅប្រទេសអ៊ីរ៉ាក់ លោក Jonathan Velasco Ramirez នាថ្ងៃអាទិត្យនេះ​បាន​​ប្រកាសថា រូបលោកសម្រេចទទួលស្គាល់មេបក្សប្រឆាំង​និងជាប្រធានរដ្ឋសភាវេណេស៊ុយអេឡា លោក Juan Guaido ដែល​បានតែងតាំងខ្លួនឯង​ឡើងជាប្រធានាធិបតីស្តីទីនោះ ជាមេដឹកនាំនៃប្រទេសអាមេរិកឡាទីននេះ។ នេះបើតាមការដកស្រង់ការ​ផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Ramirez បានលើកឡើងថា «យើងមានកន្លែងតែមួយគត់ គឺនៅខាងប្រជាជន រដ្ឋធម្មនុញ្ញ និង​រដ្ឋសភា។ លោក Guaido ​មានសិទ្ធិក៏ដូចជាកាតព្វកិច្ចត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ដើម្បីទទួលយកទំនួលខុសត្រូវក្នុងនាមជា​មេដឹកនាំនៃវេណេស៊ុយ​អេឡា​​»​។ កាលពីសប្តាហ៍មុន បេសកជនយោធាជាន់ខ្ពស់​វេណេស៊ុយអេឡាប្រចាំសហរដ្ឋអាមេរិក គឺ លោក Jose Luis Silva ក៏បាន​បានផ្តាច់ខ្លួនពី​ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ហើយទៅគាំទ្រ លោក Guaido វិញផងដែរ ​​និង​បាន​​អំពាវនាវឲ្យ​មន្រ្តីវេណេស៊ុយអេឡាឯទៀតៗ​ធ្វើតាមដូចគ្នា។

គួរជម្រាបថា វិបត្តិនយោបាយនៅវេណេស៊ុយអេឡាបានធ្លាក់ផុងកាន់តែជ្រៅ បន្ទាប់ពីលោក Guaido បានប្រកាសខ្លួនឯង​ជា​ប្រធានាធិបតីស្តីទី ហើយ​លោក ម៉ាឌូរ៉ូ ដែលជាមេដឹកនាំជាប់ឆ្នោតដោយស្របច្បាប់ បានចោទ​ប្រកាន់​ទីក្រុងវ៉ាស៊ីនតោន​ថា​កំពុងញុះញង់ឲ្យ​មានការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសរបស់លោក ក្រោយពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បាន​ចេញ​មុខ​​ទទួលស្គាល់​​លោក Guaido ជាប្រធានាធិបតីស្តីទីស្របច្បាប់ភ្លាមៗ៕