(ការ៉ាកាស់)៖ យោធាវេណេស៊ុយអេឡាបានចេញមុខថ្កោលទោសធ្ងន់ៗចំពោះការសម្រេចចិត្តរបស់​មេបញ្ជាការម្នាក់នៃ​កង​ទ័ព​អាកាសវេណេស៊ុយអេឡា ដែលបានងាកទៅទទួលស្គាល់មេបក្សប្រឆាំង លោក Juan Guaido ជាប្រធានាធិបតីស្តីទី ដោយថា​​ទង្វើនេះជាអំពើក្បត់ជាតិមិនអាចលើកលែងឲ្យបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅ​ព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។

កម្លាំងយោធា​វេណេស៊ុយអេឡាបានលើកឡើងដូច្នេះថា «ពួកយើងទាំងអស់គ្នាដែលនៅក្នុងកងកម្លាំងប្រដាប់អាវុធ នឹងមិន​អត់​ឱន​ឲ្យ​ទង្វើបែបនេះដាច់ខាត ដោយកម្លាំងយោធាជាពិសេសគឺកងទ័ពអាកាសរបស់វេណេស៊ុយអេឡា នៅតែមានភាព​ស្មោះ​ស្ម័គ្រ​ជានិច្ចចំពោះ​​ប្រធានាធិបតីរបស់យើង»។ ក្នុងសារលើកឡើងនេះ​យោធាវេណេស៊ុយអេឡា បានភ្ជាប់ជាមួយ​នូវរូប​ថត​របស់​​មេទ័ព​អាកាសខាងលើ ដែលមានអក្សរសរសេរធំៗពណ៌ក្រហមថា «ជនក្បត់ជាតិ»។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ នៅក្នុងឃ្លីបវីដេអូមួយ ដែលត្រូវគេចែកចាយលើបណ្តាញសង្គម លោក Francisco Esteban Yanez Rodriguez ដែលមានតួនាទីជា​ប្រធានផ្នែករៀបចំផែនការយុទ្ធសាស្រ្ត​នៃកងទ័ពអាកាសវេណេស៊ុយអេឡា ​​បានថ្កោលទោស​ការដឹកនាំរបស់​​​ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ថាជាការដឹកនាំផ្តាច់ការ ហើយ​បាន​ប្រកាសទទួលស្គាល់ លោក Guaido ជាមេដឹកនាំវេណេស៊ុយអេឡាវិញ។

មេទ័ពអាកាសរូបនេះ បានបន្តថាលោកមានភាពជឿជាក់ខ្ពស់ថា ៩០ភាគរយនៃកម្លាំងយោធាវេណេស៊ុយអេឡា​មានការគាំទ្រ​​ចំពោះលោក Guaido ហើយ​ដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដគឺជៀសមិនផុតនោះទេ ដោយលោកបានអំពាវ​នាវឲ្យប្រជាជនវេណេស៊ុយអេឡានាំគ្នាចេញធ្វើបាតុកម្មទ្រង់ទ្រាយធំ៕