(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បានថ្ងៃសៅរ៍សប្តាហ៍នេះបានអំពាវនាវ​ដល់​កម្លាំង​យោធានិង​ធនាគារកណ្តាល​​នៃប្រទេសវេណេស៊ុយអេឡា ឲ្យបោះបង់ចោល​ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ រួច​​ងាក​ទៅ​ចូល​រួម​គាំទ្រ​ក្រុម​ប្រឆាំងវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃ​អាទិត្យ​ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅចំពោះមុខវិបត្តិនយោបាយក្នុងប្រទេសវេណេស៊ុយអេឡា លោក Bolton បានបង្ហោះសារលើបណ្តាញសង្គម Twitter យ៉ាង​ដូច្នេះថា «ជូនចំពោះថ្នាក់ដឹកនាំនៃកម្លាំងយោធា​វេណេស៊ុយអេឡា ឥឡូវនេះដល់ពេលហើយ​ដែលត្រូវមកឈរនៅខាង​ប្រជា​ជនវេណេស៊ុយអេឡា។ វាគឺជាសិទ្ធិក៏ដូចជាការទទួលខុសត្រូវរបស់អ្នកទាំងអស់គ្នា ក្នុងការការពាររដ្ឋធម្មនុញ្ញនិងលទ្ធិ​ប្រ​ជា​ធិប​តេយ្យរបស់វេណេស៊ុយអេឡា... រីឯ​​បុគ្គលិកគ្រប់រូបនៃធនាគារកណ្តាលនិងស្ថាប័នហិរញ្ញវត្ថុដទៃទៀត គួរតែទទួលយក​ការលើកលែងទោស​របស់ប្រធានាធិបតីស្តីទី លោក Juan Guaido ភ្លាមៗទៅ ជាជាងត្រូវទទួលទោស​ពីបទលួចទ្រព្យស​ម្បត្តិ​ជាតិ»

គួរជម្រាបថា ការអំពាវនាវារបស់​ លោក John Bolton បានកើតមានឡើង ចំពេលដែល​មេទ័ពអាកាសវេណេស៊ុយអេឡា​ម្នាក់​ ទើបតែបានបង្ហោះវីដេអូ ប្រកាសឈប់ទទួលស្គាល់ លោក ម៉ាឌូរ៉ូ ហើយទៅគាំទ្រ​មេបក្សប្រឆាំង លោក Guaido ដែលបាន​ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទី​របស់វេណេស៊ុយអេឡាវិញ៕