(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នាថ្ងៃសៅរ៍នេះបានប្រកាសថា ប្រទេសរុស្ស៊ីនឹងដកខ្លួនចេញពីសន្ធិសញ្ញា​នុយក្លេអ៊ែរ Intermediate-Range Nuclear Forces ហៅកាត់ថា INF ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់​អាមេរិក។​ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ពូទីន បាននិយាយថា​រុស្ស៊ីនឹងធ្វើតាមគំរូពីសហរដ្ឋអាមេរិក ហើយ​ដើរចេញពី​សន្ធិសញ្ញា INF ក្នុងរយៈពេល០៦ខែដែរ បន្ទាប់ពី​រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រកាស​កាលពីថ្ងៃសុក្រថា អាមេរិកនឹងចាប់ផ្តើមនីតិវិធី​នៃការដកខ្លួនពី​សន្ធិសញ្ញា​គ្រប់គ្រងអាវុធនុយក្លេអ៊ែរ​នេះ​​​នៅថ្ងៃទី០២ ខែកុម្ភៈ ដែលនឹងត្រូវចំណាយពេលកន្លះឆ្នាំ។​

ទោះជាបែបនេះក្តី លោកប្រធានាធិបតីរុស្ស៊ី​បានបញ្ជាក់ថា លោកនឹង​មិនបណ្តោយឲ្យប្រទេសរុស្ស៊ីធ្លាក់ទៅក្នុងការរត់​ប្រណាំង​សព្វាវុធដាច់ខាត ហើយ​រុស្ស៊ីនឹងមិន​ធ្វើការដាក់ពង្រាយ​​ប្រភេទមីស៊ីលរយៈចម្ងាយមធ្យមនិងខ្លី នៅតាមតំបន់ណាមួយនោះទេ ដរាបណា​អាមេរិកជៀសវាង​ការធ្វើបែបនេះដូចគ្នា។

ដោយឡែក លោក ពូទីន បានលើកឡើងថា ទ្វារ​សម្រាប់ការចរចានៅតែបើកចំហជានិច្ច តែលោក​បានបង្គាប់មិនឲ្យមន្រ្តី​​រុស្ស៊ី​​ចាប់ផ្តើមការចរចាលើបញ្ហានេះជាមុនឡើយ ដោយត្រូវរង់ចាំរហូតទាល់តែ​ទីក្រុងវ៉ាស៊ីនតោន​មើល​ទៅត្រៀម​ខ្លួន​រួចរាល់​ដើម្បី​​ចូលរួម​ក្នុងកិច្ចសន្ទនាគ្នា៕