(ការ៉ាកាស់)៖ ​មេបញ្ជាការ​ម្នាក់នៃកងទ័ពអាកាសវេណេស៊ុយអេឡា បានប្រកាសថាលោកលែងទទួលស្គាល់ លោក នីកូឡាស់​ ម៉ាឌូរ៉ូ ជាប្រធានាធិបតីនៃប្រទេសអាមេរិកឡាទីននេះទៀតហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន​​អង់គ្លេស Telegraph នៅយប់ថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងក្នុងឃ្លីបវីដេអូមួយដែលត្រូវបានគេចែកចាយតៗគ្នានៅលើ​បណ្តាញសង្គម មេទ័ពអាកាសខាងលើដែលមានឈ្មោះថា Francisco Esteban Yanez Rodriguez បាននិយាយថា លោកបានសម្រេចលែងទទួលស្គាល់ការដឹកនាំរបស់លោក ម៉ាឌូរ៉ូ ទៀតហើយ និងងាកទៅទទួលស្គាល់​មេបក្សប្រឆាំង លោក Juan Guaido ដែល​បានប្រកាសតែងតាំងខ្លួនឯងជា​ប្រធានាធិបតី​ស្តីទី​ជាមេដឹកនាំរបស់វេណេស៊ុយអេឡាវិញ។

ដោយស្ថិតក្នុងឯកសណ្ឋានយោធា លោក Yanez បានបញ្ជាក់ថា លោកមានតួនាទីជាប្រធានផ្នែក​រៀបចំផែនការយុទ្ធសាស្រ្ត​​​ក្នុងទីបញ្ជាការជាន់ខ្ពស់នៃកងទ័ពអាកាសវេណេស៊ុយអេឡា ដែលការអះអាងរបស់លោកគឺដូចទៅនឹងអ្វីដែលបង្ហាញនៅ​ក្នុង​វែបសាយទ័ពអាកាសវេណេស៊ុយអេឡាដែរ។ មន្រ្តីយោធារូបនេះអះអាងថា តាមពិតកងទ័ព​ដល់ទៅ៩០ភាគរយមិន​នៅ​​ខាង​​​​លោក ម៉ាឌូរ៉ូ នោះឡើយ គឺពួកគេនៅខាងប្រជាជនវេណេស៊ុយអេឡា។

លោក Yanez ក៏បានអំពាវនាវផងដែរកុំឲ្យ​កងកម្លាំងប្រដាប់អាវុធវេណេស៊ុយអេឡា នៅការពារ​លោក ម៉ាឌូរ៉ូ និងថា​ប្រសិនបើ​ពួកគេ​មិនហ៊ានគាំទ្រ​លោក Guaido ដោយបើកចំហ ដោយសារការការគំរាមកំហែងផ្ទៃក្នុងនោះ ពួកគេគួរតែនៅក្នុងផ្ទះ​វិញល្អ​ជាង។ យ៉ាងណាមិញ វាមិនច្បាស់នោះទេថា តើវីដេអូរយៈពេល២នាទីខាងលើ​ត្រូវបានថតនាពេលណាឬកន្លែងណាឬ​មួយ​ក៏​លោក Yanez ផ្ទាល់បច្ចុប្បន្នកំពុងស្ថិតនៅក្នុងឬក៏ក្រៅប្រទេស។

គួរជម្រាបថា បន្ទាប់ពីលោក Guaido បានប្រកាសតែងតាំងខ្លួនជាប្រធានាធិបស្តីទីនៅអំឡុងការប្រមូលផ្តុំគ្នាមួយ ក្នុង​ទីក្រុង​ការ៉ាកាស់ កាលពីថ្ងៃទី២៣ ខែមករា ប្រមុខការពារជាតិវេណេស៊ុយអេឡា ព្រមទាំង​មន្រ្តីយោធាជាន់ខ្ពស់ឯទៀតៗ បាន​ចេញ​មុខ​ភ្លាមៗ​ដើម្បីបង្ហាញពីភក្តីភាពរបស់ពួកគេ​ចំពោះ លោក ម៉ាឌូរ៉ូ៕