(វ៉េណេស៊ុយអេឡា)៖ វិបត្តិនយោបាយ​នៅ​ វ៉េណេស៊ុយអេឡា ហាក់ដូចជាកំពុងឈានដល់ចំណុចក្តៅគគុក ​បន្ទាប់​ពី​គណបក្សប្រឆាំង កំពុង​​ព្យាយាម​ដើម្បី​ទម្លាក់​ប្រធានាធិបតីសង្គមនិយម លោក Nicolás Maduro។

ប្រទេស​អាមេរិច​ខាងត្បូង​មួយ​នេះ កំពុង​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​សារ​​វិបត្តិ​​​នយោបាយ​កាន់​តែ​ធ្ងន់ធ្ងរ ជំរុញ​ដោយ​ការ​ឡើង​ខ្ពស់​នៃ​អតិផរណា ការ​ផ្តាច់​ការ​ផ្គត់ផ្គង់​ថាមពល និង​ការ​ខ្វះ​ម្ហូបអាហារ ព្រមទាំង​ឱសថ​ជាដើម។ ពលរដ្ឋ​វ៉េណេស៊ុយអេឡាជាងបីលាននាក់ បាន​ចាកចេញ​ពី​ប្រទេសនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។​ តើ​អ្វីដែលនៅពីក្រោយ វិបត្ដិ​រញ្ជួយ​វេណេហ្ស៊ូអេឡា?

* តើ​អ្នក​ណា​ជា​ប្រធានាធិបតី?
នេះជាសំណួរ​ដ៏​ពិបាក​ឆ្លើយ​មួយត្រូវ​បាន​លើក​ឡើង ក្នុង​បណ្តា​ប្រទេសភាគច្រើន ប៉ុន្តែនៅវ៉េណេហ្ស៊ូអេឡាមនុស្សជាច្រើនចង់ដឹងច្បាស់ថា តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​ព្រឹត្តិការណ៍​ដ៏​គួរឱ្យចាប់អារម្មណ៍​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ២០១៩។

ប្រទេស​ខ្លះ​​លើក​ឡើង​ថា លោក Nicolás Maduro គឺជាប្រធានាធិបតីស្របច្បាប់ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​បង្ហាញ​ការ​​គាំទ្រ​ចំពោះ​លោក Juan Guaidó។ កាល​ពី​ថ្ងៃ​ទី​២៣ មករា កន្លង​ទៅនេះ លោក Juan Guaidó បានប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទី ព្រមទាំង​បាន​និយាយ​ថា ​លោក​នឹង​កាន់​អំណាច​របស់​ស្ថាប័ន​នីតិ​ប្រតិបត្តិ​ចាប់ពីពេលនោះមក។ ការ​លើកឡើង​នេះ​បង្ហាញ​ពី​ការ​ប្រឆាំង​ ចំពោះ​ប្រធានាធិបតី Nicolás Maduro ដែលបានស្បថចូលកាន់តំណែង​ក្នុង​អាណត្តិ​ទីពីរ ក្នុងរយៈពេល​ពីរសប្តាហ៍​កន្លង​ទៅនេះ​។

មនុស្សរាប់ពាន់នាក់បានចូលរួម​ការ​ធ្វើ​បាតុកម្ម​​ក្នុង​ទី​ Caracas ប្រឆាំង​ប្រធានាធិបតី Maduro។ ជា​ការ​ឆ្លើយ​តប​ប្រធានាធិបតី​រូប​នេះ បាន​ថ្កោលទោស​បក្ស​ប្រឆាំង​ទាំង​នោះ​ថា ជា​ក្រុម​អាយ៉ង​របស់​សហរដ្ឋអាមេរិក។ លោកបាននិយាយថា លោកជាប្រធានាធិបតី​ស្រប​តាម​ច្បាប់ ហើយ​លោក​នឹង​នៅ​តែ​បន្ត​កាន់​អំណាច។

* ហេតុ​អ្វីបាន​មាន​វិវាទ​ក្នុង​ដំណែង​ប្រធានាធិបតី​?​
គួរ​រំឭក​ថា លោក Nicolás Maduro ត្រូវបាន​គេ​បោះឆ្នោត​ជ្រើសរើសជាលើកដំបូង កាល​ពី​ខែមេសាឆ្នាំ ២០១៣​កន្លង​ទៅ​នេះ បន្ទាប់​ពី​មរណភាពរបស់​អតីត​មេដឹកនាំសង្គមនិយម​​លោក Hugo Chavez ។ តែ​នៅ​ពេលនោះ​លោក​​បាន​ទទួល​សំឡេង​គាំទ្រ​ដោយ​ខ្ពស់​ជាង​ដៃ​គូ​ប្រកួត​តិចតួច​តែ​ប៉ុណ្ណោះ គឺ​១,៦ភាគរយ។ ក្នុងអំឡុង​អាណត្តិទី​១ ក្រោម​ការ​ដឹកនាំ​របស់​លោកស្ថានភាព​សេដ្ឋកិច្ច​បាន​ជួប​ឱនភាព ហើយពលរដ្ឋវ៉េណេស៊ុយអេឡាជាច្រើន បាន​ដាក់​បន្ទុក​ទៅលើលោក និងរដ្ឋាភិបាលសង្គមនិយម​របស់​លោក​។

ជាថ្មី​ម្តង​ទៀត​លោក Maduro ត្រូវបានជាប់ឆ្នោតក្នុងអាណត្តិ​ទីពីរ ​ក្នុង​ព្រឹត្តិការណ៍បោះឆ្នោតដ៏ចម្រូងចម្រាស់យ៉ាងក្តៅគគុក កាល​ពី​ខែឧសភា ឆ្នាំ​២០១៨​កន្លង​ទៅនេះ ដោយ​សារ​គណបក្សប្រឆាំងបានធ្វើពហិការ​មិ​នទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នេះ​។

សូម​ជម្រាបថា បេក្ខជនប្រឆាំងជាច្រើននាក់​ត្រូវ​បានរារាំងមិនឱ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត ខណៈពេលដែល​បេក្ខជន​ខ្លះ​ដទៃ​ទៀតបានជាប់​ពន្ធធនាគារ ឬ​ត្រូវ​បង្ខំ​ចិត្ត​រត់គេច​ទៅ​ក្រៅ​ប្រទេស ដោយ​បារម្ភ​ខ្លាច​ត្រូវ​ជាប់ពន្ធនាគារ។ ហេតុនេះគណបក្សប្រឆាំង បាន​លើក​ឡើងថា ការបោះឆ្នោតនេះមិនមាន​លក្ខណៈសេរី និងយុត្តិធម៌​ឡើយ។ លទ្ធផល​បោះឆ្នោត​មិនត្រូវបានទទួលស្គាល់​ដោយ​សភា​ជាតិ​ដែល​​ស្ថិត​​ក្រោម​ការ​គ្រប់គ្រងដោយគណបក្សប្រឆាំងរបស់វ៉េណេស៊ុយអេឡាឡើយ។

* ហេតុអ្វីបានជា​វិបត្តិ​នេះបានមកដល់​​ចំណុច​ក្តៅ​បែប​នេះ?
បន្ទាប់ពីត្រូវបានជាប់ឆ្នោត​​ជា​លើក​ទីពីរ នៅក្នុងការបោះឆ្នោតកាលពីដើមខែឧសភា ឆ្នាំ​២០១៨​កន្លង​ទៅនេះ​ លោកម៉ាឌូរ៉ូ បានប្រកាសថា លោក​នឹង​បន្ត​កាន់​អំណាច​សម្រាប់​រយៈ​ពេល​ដែល​សេស​សល់​ក្នុង​​​អាណត្តិទី​១ បន្ទាប់មកទើប​ស្បថ​ចូលកាន់​ដំណែង​ក្នុង​អាណត្តិទី២ នៅថ្ងៃទី១០ ខែ​មករា ឆ្នាំ២០១៩។

ក្រុមប្រឆាំងបានអះអាងថា លោក Nicolás Maduro កំពុង​ព្យាយាម​ក្តោបក្តាប់​អំណាចតាម​រយៈ​ការបោះឆ្នោត​ក្លែងបន្លំ។ សភាជាតិ​បាន​លើកឡើងថា ដោយសារតែការបោះឆ្នោតមិនយុត្តិធម៌ ហេតុនេះ​លោក Maduro គឺជា «ជន​កាន់​អំណាច​ដោយ​ភាព​ខុស​ច្បាប់» ហើយ​តំណែងប្រធានាធិបតី គឺ​កំពុង​ស្ថិត​នៅ​ចន្លោះ​ទំនេរ។ បញ្ហា​នេះជំរុញឱ្យ​ប្រធាន​សភាជាតិ វ័យ​៣៥​ឆ្នាំ​ លោក Juan Guaidó បាន​ឆ្លៀត​ឱកាស​ដណ្តើម​ប្រជាប្រិយភាព។​

​តាម​រយៈ​មាត្រា ២៣៣ និង៣៣៣ ក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសវ៉េណេស៊ុយអេឡា អង្គនីតិប្បញ្ញត្តិ​បាន​ចែង​ថា ក្នុង​ករណី​ប្រទេស​ជួប​ស្ថានភាព​បែប​នេះ​ប្រធាន​សភា​​ជាតិ ទទួល​ដំណែង​ជាប្រធានាធិបតី​ស្តីទី។ នោះ​ហើយជាមូលហេតុដែលលោក Guaido ប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទី​នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

* តើ​មនុស្ស​មាន​ប្រតិកម្មយ៉ាងណា​ចំពោះ​ស្ថានភាព​នេះ?
ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលស្គាល់ជាផ្លូវការថា លោក Juan Guaidó ជាប្រធានាធិបតីស្របច្បាប់របស់វេណេហ្សូអេឡានៅប៉ុន្មាននាទីក្រោយពី​លោក Juan Guaidó បាននិយាយថា​នឹង​ដណ្តើម​អំណាច​យក​មក​កាន់​ក្នុង​ដៃ។ ឥរិយាបថ​នេះ ជំរុញ​ឱ្យ​លោក​ Maduro និយាយ​ថា មិនមែន​ជា​រឿង​ប្លែក​នោះ​ទេ សហរដ្ឋអាមេរិក​តែង​ស្ថិតនៅពីក្រោយការប៉ុនប៉ងដើម្បី​ទម្លាក់​លោក​ចេញ​ពី​ដំណែង​ជា​យូរ​ណាស់​មក​ហើយ។

លោក Maduro បាន​កាត់​ផ្ដាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយ​ទុក​ពេល​ឱ្យ​ទូត​អាមេរិក ប្រចាំ​នៅ​ប្រទេសវ៉េណេហ្ស៊ូអេឡា ត្រឹម​៧២​ម៉ោង​ក្នុង​ការ​​ចាក​ចេញ​ពី​ប្រទេស​របស់​លោក​។

នៅវ៉េណេហ្ស៊ូអេឡា ខណៈ​ដែល​ ពួក​ប្រឆាំង​រដ្ឋាភិបាល បានអបអរសាទរចំពោះ​ចលនា​របស់​លោក Guaidóមន្ត្រីរដ្ឋាភិបាលនិយាយថា ពួកគេនឹងការពារប្រធានាធិបតីពី «ការគំរាម​កំហែងរបស់​ពួក​ចក្រពត្តិនិយម»។

* តើ​អ្វី​​កើត​ឡើង​បន្ទាប់?
លោក Juan Guaidó បានអំពាវនាវដល់គ្រប់អ្នកប្រឆាំងប្រធានាធិបតី Maduro និងរដ្ឋាភិបាលរបស់លោកឱ្យបន្តធ្វើការតវ៉ា «រហូតទាល់តែ​ប្រទេស​ត្រូវបានរំដោះ»។ លោក Juan Guaidóក៏​បានអំពាវនាវដល់អ្នកគាំទ្ររបស់លោកឱ្យ បន្តដាក់សម្ពាធលើរដ្ឋាភិបាល ខណៈ​ដែលលោក Guaidó ពឹងផ្អែក​ការគាំទ្រពីសហរដ្ឋអាមេរិក និង​បណ្តាប្រទេសមួយ​ចំនួន​នៅ​អាមេរិកឡាទីន ព្រម​ទាំង​មេដឹកនាំ​ដទៃ​ទៀត​ដើម្បី​ទម្លាក់​អតីត​ប្រធានាធិបតី។ ថ្វី​ត្បិត​លោកជា​ប្រធាន​សភា​ជាតិ ប៉ុន្តែ​អង្គ​នីតិបញ្ញត្តិនេះត្រូវបានគេបង្ហាញថា គ្មានអំណាច​ឡើយ​ដោយ​សារ​ស្ថាប័ន​នេះ ត្រូវ​បាន​​បង្កើត​​ឡើង​ផ្តាច់​មុខ ដោយ​មនុស្ស​ដែល​មាន​និន្នាការ​​នយោបាយតែ​ម្ខាង​។

* តើ​នរណា​អាច​បំបែក​ភាព​ជាប់គាំង​បាន?
កងកម្លាំង​សន្តិសុខ​ត្រូវបានគេមើលឃើញថា ជាអ្នកដើរតួសំខាន់​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិនេះ។ រហូតមកដល់ពេលនេះពួកគេ​នៅ​តែ​បន្ត​ស្មោះត្រង់ចំពោះលោក Maduro ដែលបានផ្តល់​ការ​លើកទឹក​ចិត្ត​ដល់ពួកគេ​តាមរយៈ​ការ​ដំឡើងប្រាក់ខែ​ជាញឹកញាប់ ​ព្រមទាំង​ផ្តល់​តំណែង និង​រោង​ចក្រ​ឧស្សាហកម្មសំខាន់ៗដល់​មន្ត្រី​យោធា​ជាន់​ខ្ពស់​ៗនានា។

វេណេហ្ស៊ូអេឡា ដំឡើង​ដំណែង​​ទាហាន​ចំនួន១៦៩០០នាក់ ដែល​បាន​បង្ហាញ «ភក្ដីភាព» ចំពោះ​លោក បន្ទាប់ពីព្រឹត្តិការណ៍នៃថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩កន្លង​ទៅនេះ។ ដោយ​ឡែក​លោក Guaidó បានសន្យាថា យោធា​ទាំងអស់នឹង​ត្រូវ​បាន​លើកលែងទោស ប្រសិនបើពួកគេផ្តាច់ខ្លួន​ចេញពី​ប្រធានាធិបតី Maduro។

* តើអ្វីជាបញ្ហាប្រឈមធំបំផុត?
បញ្ហាប្រឈមធំបំផុតដែលវេណេហ្ស៊ូអេឡាជួបប្រទះ បច្ចុប្បន្ន​គឺអតិផរណា។ យោងតាមការសិក្សាដោយសភាជាតិដែលគ្រប់គ្រងដោយគណបក្សប្រឆាំងបានឱ្យដឹងថា អត្រាអតិផរណាប្រចាំឆ្នាំ ឈានដល់ ១៣០០០០០ % ក្នុងរយៈពេល១២ខែ។ នៅចុងឆ្នាំ ២០១៨ តម្លៃ​ទំនិញ​បានកើនឡើង​ជាមធ្យម​ទ្វេដងរៀងរាល់​១៩ថ្ងៃ។ ចំណុច​នេះបានធ្វើឱ្យ​ប្រជាជន​វេណេហ្ស៊ូអេឡា ជា​ច្រើន​មានការលំបាកក្នុងការទិញ​ទំនិញ​ដូចជា​អាហារ និង​ផលិតផលផ្សេងៗ។

ជាក់ស្តែង​តម្លៃនៃកាហ្វេមួយពែងនៅរដ្ឋធានីការ៉ាកា បាន​កើនទ្វេ​ដង​គឺ​ស្មើ​នឹង​៤០០Blivars (០,៦២ដុល្លារ) នៅក្នុងចន្លោះ​ពេល​មួយសប្តាហ៍ចុងក្រោយ​នៃខែធ្នូ នេះបើយោងតាមសារព័ត៌មាន Bloomberg ។

* តើរដ្ឋាភិបាលធ្វើអ្វីខ្លះ​ ដើម្បី​ឆ្លើយតប​វិបត្តិ​នេះ?
កាលពីខែសីហា​ឆ្នាំ​២០១៨​កន្លង​ទៅនេះ រដ្ឋាភិបាលបានកាត់​ចោល​សូន្យ​ប្រាំ​លេខ ចេញពីរូបិយប័ណ្ណ Bolivar ចាស់ ហើយបានឱ្យ​ឈ្មោះ​ក្រដាស​ប្រាក់​ថ្មី​ថា «sovereign bolivar»។ នេះ​មាន​ន័យ​ថា​មនុស្ស​លែង​មាន​សាច់​ប្រាក់​ក្នុង​តួលេខ​​ច្រើន​​ដូច​មុន​ទៀត​ឡើយ​។ ប្រជាជន​វេណេហ្ស៊ូអេឡា បាន​រៀបចំដុត​លុយ​វេណេហ្ស៊ូអេឡាចាស់ នៅចុងឆ្នាំ ២០១៨។ ការ​បង្កើន​រូបិយប័ណ្ណ​ថ្មី គឺជាផ្នែកមួយនៃ «កញ្ចប់សេដ្ឋកិច្ច» នៃវិធានការណ៍​ដែលរដ្ឋាភិបាលនិយាយថាជា "រូបមន្ត​វេមន្ត" ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ចរបស់វ៉េណេស៊ុយអេឡាឡើងវិញ។ ក្នុងចំណោមវិធានការទាំងនោះមាន​ដូច​ជា​៖

ការដំឡើងប្រាក់ឈ្នួលអប្បបរមាឡើងដល់​ទៅ​៣៤​ដង​ ចាប់​ពី​ថ្ងៃទី​០១ ខែ​កញ្ញា។ ការបោះជំហានទៅមុខ​ប្រាក់​ថ្មី sovereign bolivar។ ទោះជាយ៉ាងណាក៏ដោយ តម្លៃ​រូបិយប័ណ្ណ​បាន​បន្តធ្លាក់​ចុះ ​ចាប់តាំងពីការចាប់ផ្តើម​ហើយការតំឡើងប្រាក់ឈ្នួល​​ខ្ពស់​កក់​ពពក ដែលនាំឱ្យមានសំណួរថាតើ ការវិធានការណ៍​ទាំង​​នេះមានប្រសិទ្ធិភាព​ដែរ​ឬយ៉ាង​ណា?