(តេហេរ៉ង់)៖ យោធាអ៊ីរ៉ង់​នៅថ្ងៃសៅរ៍នេះ បានបង្ហាញមីស៊ីលជំនាន់​ថ្មីមួយដែល​អាចបាញ់ បានចំងាយ ១,៣០០គីឡូម៉ែត្រ​នាឱកាសពិធីប្រារព្ធខួបលើកទី ៤០ នៃទិវាបដិវត្តន៍​អ៊ីរ៉ង់​ឆ្នាំ១៩៧៩។ នេះបើ​តាមរដ្ឋមន្ត្រីការពារជាតិ​អ៊ីរ៉ង់ ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាច​ថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងតាមកញ្ចក់​ទូរទស្សន៍រដ្ឋ រដ្ឋមន្ត្រីការពារជាតិ​អ៊ីរ៉ង់ លោក អាម៉ឺ ហាតាមី (Amir Hatami) បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «ជាមួយ​រយៈចំងាយ​បាញ់បាន ១,៣០០គីឡូម៉ែត្រ... មីស៊ីលជំនាន់ថ្មីនេះ​ត្រូវការរយៈពេលខ្លី​ក្នុងការបាញ់ចេញ ហើយវាអាចហោះនៅរយៈកម្ពស់​ទាប»។ លោករដ្ឋមន្ត្រីបានបន្តថា មីស៊ីលនេះមានឈ្មោះថា ហូវ៉ៃហ្សេហ៍ (Hoveizeh) និងលក្ខណៈដូចគ្នា​នឹងមីស៊ីល សោម៉ា (Soumar) ដែលត្រូវបានបង្ហាញ​ជាលើកដំបូង​កាលពីឆ្នាំ ២០១៥។

គួរបញ្ជាក់ថា ការបង្ហាញ​មីស៊ីលនេះធ្វើឡើងក្នុង​ពិធីប្រារព្ធខួបលើកទី ៤០ នៃទិវាបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ១៩៧៩ ដែលប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី០១ ខែកុម្ភៈជារៀងរាល់ឆ្នាំ និងបន្ទាប់ពី​សហរដ្ឋអាមេរិកចោទ​អ៊ីរ៉ង់ថា កំពុងលួចលាក់ផលិត​មីស៊ីលនុយក្លេអ៊ែរដែល​មានសមត្ថភាពអាចបាញ់​ដល់ផ្នែកខ្លះ​នៃទឹកដី​អឺរ៉ុប៕