(ការ៉ាកាស់)៖ ប្រជាជន​វេណេស៊ុយអេឡាបានបង្ហាញ​ពីក្ដីសង្ឃឹមថា នឹងមាន​ដំណោះស្រាយសន្តិភាពមួយ​សម្រាប់វិបត្តិនយោបាយ បច្ចុប្បន្នព្រមទាំងរំពឹងដែរថា នឹងមិនមានឡើយ​អន្តរាគមន៍យោធា​ពីបរទេស។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។

វេណេស៊ុយអេឡា​កំពុងប្រឈមមុខ​នឹងវិបត្តិមានប្រធានាធិបតី ២ បន្ទាប់ពីមេបក្សប្រឆាំង​លោក ជូអាន ហ្គៃដូ បានប្រកាស​តែងតាំង ខ្លួនឯងជា​ប្រធានាធិបតីស្ដីទី​ ដោយមាន​ការគាំទ្រ​ពីសហរដ្ឋអាមេរិក និងលោកខាងលិច ខណៈប្រធានាធិបតី​លោក នីកូឡាស់ ម៉ាឌូរ៉ូ ទទួលបានការ​គំាទ្រយ៉ាងរឹងមាំ​ពីចិន និងរុស្ស៊ី។ តែទោះជា​យ៉ាងនេះក្ដី ប្រជាជន​វេណេស៊ុយអេឡា​មួយចំនួន ដូចជា​និស្សិតឈ្មោះ ល្វីស ហ្គនហ្សាឡេស (Luis Gonzalez) បានបញ្ជាក់​ប្រាប់ស៊ីនហួរថា លោកមិនចង់​ឃើញមាន​ការលូកដៃ ឬក៏ការធ្វើអន្តរាគមន៍​យោធាចូលក្នុង​ប្រទេសរបស់​លោកឡើយ។

ដោយឡែក​ពលរដ្ឋវេណេស៊ុយអេឡា​ម្នាក់ទៀត​ឈ្មោះ អាឡិចស៊ីស រ៉ាម៉ុន ម៉េស (Alexis Ramon Maiz) ដែលជាអ្នកលក់ដូរ​ក្នុងទីក្រុងការ៉ាកាស់​ម្នាក់ ក៏បានបញ្ចេញយោបល់​ស្រដៀងគ្នា​នេះដែរ។ លោកបាន​អះអាងយ៉ាងដូច្នេះថា «យើងចង់​បានសនិ្តភាព​ហើយក៏សង្ឃឹមថា ប្រជាជនវេណេស៊ុយអេឡា​ទាំងអស់​អាចរស់នៅចាត់​ទុកគ្នាដូចជាបងប្អូន​បង្កើត ក្រោមសន្តិភាព​តែមួយ»។

គួរជម្រាបថា ក្រោយមាន​សេចក្ដីរាយការណ៍​ពីការធ្វើរដ្ឋប្រហារ និងគម្រោងឈ្លានពាន​របស់​សហរដ្ឋអាមេរិក​ជាបន្តបន្ទាប់ លោក ម៉ាឌូរ៉ូ បានទស្សនកិច្ច​ទៅកាន់មូលដ្ឋានយោធា​ជាច្រើន ដើម្បីត្រៀមរៀបចំ​ការធ្វើសមយុទ្ធយោធា​ទ្រង់ទ្រាយធំ​មួយ ដែលគ្រោង​នឹងប្រព្រឹត្ត​ទៅពី​ថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈនេះ។ បន្ថែមពីនេះ​គំរោង​ធ្វើរដ្ឋប្រហារ​ធំមួយ​ក៏ត្រូវបាន​បង្ក្រាបទាន់​ពេល​ផងដែរ កាលពី​ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយអតីតមន្ត្រី​យោធា​មួយចំនួន ត្រូវបាន​ចាប់ខ្លួន៕