(វ៉ាស៊ីនតោន)៖ ក្រុមអ្នកស្រាវជ្រាវ​នៃទីភ្នាក់ងារអវកាស​អាមេរិក NASA បានឲ្យដឹងថា​ក្រហូង​ (រណ្តៅ) អាថ៌កំបាំងមួយ​ កំពុងតែរីកធំឡើង​​យ៉ាងឆាប់​រហ័ស​នៅប៉ូល​ខាងត្បូង។ នេះបើតាម​ការដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រុមអ្នក​វិទ្យាសាស្រ្ត NASA បានរកឃើញក្រហូងធំ​មួយ​មានទំហំ​ប្រហាក់ប្រហែល​នឹងពីរភាគបី​នៃ​សង្កាត់ Manhattan នៃ​ក្រុង​ញូយ៉កសហរដ្ឋអាមេរិក នៅពីខាងក្រោមផ្ទាំងទឹកកកយក្ស​មួយ នៅឯទ្វីបអង់តាក់ទិក។ អង្គការ NASA បានបញ្ជាក់ថា នេះ​គឺ​ជា​រំបក​គំហើញគួរជាទី​ព្រួយបារម្ភ​មួយ ដែលបង្ហាញ​ឲ្យឃើញ​ថា ផ្ទាំងទឹកកក​នៅតំបន់ប៉ូលខាងត្បូង​​នៃភពផែនដីយើង កំពុង​តែ​រលាយក្នុងកម្រិត​យ៉ាង​ឆាប់រហ័ស។

ក្រហូងខាងលើ​ត្រូវបានរកឃើញនៅ​ផ្នែកខាង​ក្រោម​នៃ​ផ្ទាំងទឹកកកយក្ស Thwaites នៅភាគខាងលិច​ទ្វីបអង់តាក់ទិក ដែល​មាន​ទំហំ​ធំ​ស្មើរដ្ឋផ្លូរីដា​របស់​សហរដ្ឋអាមេរិក ហើយ​ប្រសិនបើវារលាយ​ទាំងស្រុងវិញ​នោះ អាចធ្វើឲ្យកម្ពស់ទឹក​សមុទ្រ​កើន​ឡើងប្រមាណ​ជាជាងកន្លះម៉ែត្រ​ នៅទូទាំង​ពិភពលោក។

គួរជម្រាបថា ខណៈដែលផ្ទាំង​ទឹកកកនៅតំបន់ប៉ូល​ កំពុងរលាយ​ក្នុងកម្រិត​គួរឲ្យបារម្ភ សហរដ្ឋអាមេរិក​បាននិងកំពុង​ទទួល​​រង ​​អាកាស​ធាតុ​ចុះត្រជាក់​ខ្លាំងជាង​ធម្មតា ដោយ​សារបាតុភូត Polar Vortex រហូតបង្កឲ្យមនុស្សជាង ២០នាក់បាត់បង់ជីវិត​ថែម​ទៀតផង៕