(បាងកក)៖ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាលថៃ​ម្នាក់​បានឱ្យដឹងថា ក្រុមការងារ​ស្ម័គ្រចិត្តសុខាភិបាល​តាមភូមិនៅទូទាំង​ប្រទេសថៃ នឹងធ្វើ យុទ្ធនាការ​លើកទឹកចិត្តឱ្យប្រជាជន​ថៃ ដែលមានសិទ្ធិ​បោះឆ្នោត​ទាំងអស់ ចូលរួមក្នុងការ​បោះឆ្នោតសកល​នៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នក​សារព័ត៌មាននៅក្នុងស្រុក នៅថ្ងៃសុក្រសប្ដាហ៍នេះ ប្រធាន​អគ្គនាយកដ្ឋាន​សុខាភិបាលថៃ លោក ណាត់ថាវុត ប្រាស៊ឺតស៊ីរីផុង (Natthawut Prasertsiripong) បានបញ្ជាក់ថា​ ក្រុមការងារស្ម័គ្រចិត្តសុខាភិបាលតាមភូមិ ១.០៥លាននាក់​នៅទូទាំងប្រទេស ​ក្រោមការគ្រប់គ្រង​នៃក្រសួងសុខាភិបាលថៃ នឹងធ្វើយទ្ធនាការ «គោះទ្វារ» ដើម្បីលើកទឹកចិត្ត​ក៏ដូចជាជម្រុញឱ្យ​ប្រជាជនថៃ ដែលមានសិទ្ធិបោះឆ្នោត​ទាំងអស់ ទៅទម្លាក់សន្លឹកឆ្នោត​របស់ខ្លួននៅថ្ងៃបោះឆ្នោត។

លោក ណាត់ថាវុត បានបន្ថែមថា យុទ្ធនាការនេះនឹងត្រូវធ្វើឡើង​ដោយមានការស្នើ​ពីគណកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត ខណៈដែលប្រជាជនថៃ ៥១លាននាក់​នៅទូទាំងប្រទេសមាន​សិទ្ធិបោះឆ្នោតជាមួយការរំពឹងថា អាត្រាអ្នកចូលរួម​នឹងមានយ៉ាងហោចណាស់ ៨០ភាគរយ។

គួរបញ្ជាក់ថា ព្រះមហាក្សត្រថៃ​បានបង្គាប់​ឲ្យមានការបោះឆ្នោតឡើង កាលពីខែមករា កន្លងទៅនេះ ហើយក្រោយមកទើបគណកម្មការបោះឆ្នោតថៃ ប្រកាសថ្ងៃ​បោះឆ្នោត​សកល​ជាផ្លូវការ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះតែម្តង។ ការបោះឆ្នោត​​ត្រូវបាន​ពន្យារពេល​ម្តងហើយ​ម្តងទៀត ដោយ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ​បន្ទាប់ពី​ការធ្វើរដ្ឋប្រហារ​យោធាទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពី​អំណាច​កាលពីខែឧសភា ឆ្នាំ២០១៤៕