(រីយ៉ូ)៖ ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងប្រទេស​ប្រេស៊ីល បានបញ្ចេញរូបភាព​វីដេអូដ៏រន្ធត់មួយជុំវិញ​គ្រោះថ្នាក់បាក់ទំនប់ទឹកនៅ ភាគខាងត្បូង​នៃប្រទេស​ដែលបានផ្ដាច់ជីវិត​មនុស្ស ១១០នាក់ និង ២៣៨នាក់ ទៀតកំពុង​បាត់ខ្លួន​នៅឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។

វីដេអូចេញផ្សាយ​ដោយសា្ថនីយ​ទូរទស្សន៍ TV channel Bandeirantes បានបង្ហាញ​ពីពេលទឹក និងល្បាប់ភក់លេប​ត្របាក់រោងបាយ របស់ក្រុមហ៊ុន​ជាម្ចាស់ទំនប់ទឹក ព្រមទាំងផ្ទះសម្បែង​ប្រជាជន​នៅក្បែររាប់សិបខ្នង​ នៅក្នុងទីក្រុង ប្រ៊ូម៉ាឌីញ៉ូ (Brumadinho​) នៃរដ្ឋ មីណាស់ ហ្គែរេស (Minas Gerais)។ ជនរងគ្រោះភាគ​ច្រើន​ក្នុងមហន្តរាយ​ដ៏អាក្រក់នេះ​គឺជាបុគ្គលិកនៃ​ក្រុមហ៊ុន​រុករករ៉ែ វ៉ាល់ (Vale) ដែលជាម្ចាស់​ទំនប់ខាងលើ រីឯការស៊ើបអង្កេត​កំពុងធ្វើឡើង​នៅឡើយ។

គួរជម្រាបថា ទំនប់រ៉ែខាងលើ​​ដែលមានផ្ទុក​កាកសំណល់​​​គីមី​យ៉ាង​ហោច​ណាស់​​១៣លានម៉ែត្រគូប ត្រូវគេវាយតម្លៃថា បាន​​បង្ក​ការបំផ្លិចបំផ្លាញ​​លើផ្ទៃ​ដីទំហំ​​ប្រហែល ១២៥ហិកតា។ ដោយឡែក​កាលពីថ្ងៃអង្គារ ប៉ូលិស​ប្រេស៊ីល​​ក៏បានចាប់ខ្លួន​​​មនុស្ស​ចំនួន ០៥នាក់ផងដែរ ដើម្បី​កសាងសំណុំរឿង​​បញ្ជូនទៅតុលាការ ជុំវិញ​ការ​ទទួលខុសត្រូវ​លើករណី​បាក់​ទំនប់ទឹក​ខាង​លើ​នេះ៕