(ម៉ូស្គូ)៖ អឺរ៉ុបត្រូវការទីផ្សារ និងធនធានធម្មជាតិរបស់ប្រទេសរុស្ស៊ីដ៏ធំសម្បើម ដើម្បីជាកម្លាំងទប់ទល់​ជាមួយ​មហាអំណាចចិន និង​សហរដ្ឋអាមេរិក ដែល​ជា​យក្សសេដ្ឋកិច្ចធំបំផុតទាំងពីរ​ នៅលើ​ពិភពលោក។ នេះគឺជាការលើកឡើង​របស់អតីតអធិការបតី​អាល្លឺម៉ង់ ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។

អតីតអធិការបតី​អាល្លឺម៉ង់ លោក ហ្គែហាដ ស្ការ៉េដឺ (Gerhard Schroeder) ធ្វើការកត់សម្គាល់​បែបនេះ​ នៅក្នុងបទសម្ភាសន៍​ជាមួយសារព័ត៌មាន​​អាល្លឺម៉ង់ ស្ពីជែល (Spiegel) នៅក្នុងសប្ដាហ៍នេះ។ នាឱកាសនោះ​លោក Schroeder បានពន្យល់យ៉ាងដូច្នេះថា «បើសិន​ជាពួកយើង (អឺរ៉ុប) ចង់បន្ត​ជីវិត​នយោបាយ និងសេដ្ឋកិច្ច​ប្រឈមមុខជាមួយ​សហរដ្ឋអាមេរិក និងចិនយើងមិនអាច​ធ្វើវាបានដោយ​គ្មានរុស្ស៊ីនោះ​ឡើយ​... ពីព្រោះយើង​ត្រូវការទីផ្សារ និងធនធាន​ធម្មជាតិពីប្រទេស​មួយនេះ»

លោក Schroeder បានសង្កត់ធ្ងន់ទៀតថា ប្រធានាធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន បានព្យាយាម​បង្កើតទំនាក់ទំនង​ជាមួយបណ្ដាប្រទេស​លោកខាងលិច ដែលឈរលើ​មូលដ្ឋាន​សមភាព និងគោរពគ្នា​ទៅវិញទៅមក ក៏ប៉ុន្តែលោក​បានច្រានចោល​ការអះអាងនេះ នៅពេលសួរដល់​ទំនាក់ទំនង​ជាមួយ​អឺរ៉ុប។

គួរជម្រាបថា ទំនាក់ទំនង​រវាងរុស្ស៊ី និងលោកខាងលិច​បានទទួលរង​ភាពតាន​តឹងនឹងគ្នា​ចាប់តាំងឆ្នាំ២០១៤ បន្ទាប់ពី​ទីក្រុងម៉ូស្គូ ត្រួវបាន​គេចោទ​ប្រកាន់ថា ក្រសោបយកតំបន់​គ្រីមៀពីអ៊ុយក្រែន និងបានលូកដៃ​ចូលក្នុងជម្លោះ​នៅភាគខាងកើត​ប្រទេស​អ៊ុយក្រែន ហើយចាប់ពី​ពេលនោះមកដែរ អឺរ៉ុប និងសហរដ្ឋអាមេរិក​បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ ប្រឆាំងនឹងរុស្ស៊ីជា​បន្តបន្ទាប់៕