(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នឹង​អះអាងពីបំណង​របស់លោកក្នុងការបិទបញ្ចប់ការលូកដៃ​របស់ សហរដ្ឋអាមេរិក​នៅក្នុងជម្លោះ ឬសង្រ្គាមនានា​នៅក្រៅប្រទេស អំឡុងពេលលោក​ថ្លែងសុន្ទរកថា​ នៅចំពោះមុខ​សភាអាមេរិក​នៅសប្ដាហ៍​ក្រោយនេះ។ នេះបើតាម​មន្ត្រីជាន់ខ្ពស់​អាមេរិកម្នាក់ ដកស្រង់​ដោយសារ​ព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។

មន្ត្រីរូបនេះ​ដដែល បានបញ្ជាក់ប្រាប់​អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិន​បញ្ចេញឈ្មោះ នៅថ្ងៃសុក្រសប្ដាហ៍​នេះដូច្នេះថា «ដើម្បីការពារ​សន្តិសុខជាតិ​អាមេរិក លោក​ប្រធានាធិបតី ត្រាំ នឹងធ្វើបច្ចុប្បន្នភាព​ទៅកាន់​សភាជាតិ ស្ដីពីគោល​នយោបាយ​ការបរទេស និងយោធា​របស់លោក​នៅជុំវិញពិភពលោក ព្រមទាំង​អះអាង​ពីការប្ដេជ្ញាចិត្តការពារផលប្រយោជន៍​អាមេរិក និងបញ្ចប់​ការចូលរួម​របស់យើងក្នុង​សង្រ្គាមនៅ​ក្រៅប្រទេស»

គួរបញ្ជាក់ថា កាលពីខែមករា លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានលើក​ឡើងដែរថា ក្រុម ISIS នៅក្នុង​ប្រទេសស៊ីរី​ត្រូវបានកម្ចាត់​ហើយ ដូច្នេះវាដល់​ពេលត្រូវដកកងទ័ព​អាមេរិកជិត ២,០០០នាក់ មកផ្ទះវិញ។ ប៉ុន្តែការអះអាង​របស់មន្ត្រីអាមេរិកខាងលើ​ បានកើតមានឡើង នៅចំពេលដែល​មានសេចក្ដីរាយការណ៍​ជាបន្តបន្ទាប់ថា ទីក្រុងវ៉ាស៊ីនតោន មានគម្រោង​បញ្ជូនកងទ័ពទៅកាន់​ប្រទេសកូឡុំប៊ី ដើម្បី ត្រៀមផ្ដួលរំលំរបបដឹកនាំ​របស់ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ៕