(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានប្រកាសនាថ្ងៃសុក្រនេះថា​ សហរដ្ឋអាមេរិកនឹង​បញ្ឈប់​រាល់កាតព្វកិច្ចរបស់ខ្លួនដែលមានចែង​នៅក្នុង​សន្ធិសញ្ញា​ The Intermediate-Range Nuclear Forces Treaty (INF) ចាប់ពី​ថ្ងៃ​ទី០២ ខែកុម្ភៈ តទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ប៉ុមប៉េអូ បានព្រមានទៀតថា​សន្ធិសញ្ញា INF នឹងត្រូវរំលាយចោលទាំងស្រុងតែម្តង ប្រសិនបើ​​រុស្ស៊ី​មិនអាច​​​​បំពេញ​តាម​ការ​ទាម​ទារ​​របស់​សហរដ្ឋអាមេរិក ជុំវិញបញ្ហាល្មើសនឹងសន្ធិសញ្ញានេះ ពោលគឺទីក្រុងវ៉ាស៊ីន​តោន​ទំនងជាចង់​ឲ្យ​ទីក្រុងម៉ូស្គូ​កម្ទេច​ចោលរាល់គ្រាប់មីស៊ីល 9M729 និងបរិក្ខាពាក់ព័ន្ធដទៃទៀតដែលរងការចោទប្រកាន់ថាបាន​រំលោភ​លើសន្ធិសញ្ញា INF។

គួរជម្រាបថា បើតាម លោករដ្ឋមន្រ្តីការបរទេសអាមេរិក ទីក្រុងម៉ូស្គូមានរយៈពេល​០៦ខែ ដើម្បីព្យាយាមស្រោចស្រង់​សន្ធិ​សញ្ញា INF ឡើងវិញ ខណៈទីក្រុងវ៉ាស៊ីនតោនត្រូវចំណាយ​ពេលកន្លះឆ្នាំ ឆ្លងកាត់នីតិវីធី​នៃការដកខ្លួនចេញពី​សន្ធិសញ្ញា​នុយ​ក្លេអ៊ែរនេះទាំងស្រុង៕