(អង់ការ៉ា)៖ រដ្ឋមន្រ្តីការបរទេសតួកគី​នាថ្ងៃសុក្រនេះ​បានលើកឡើងថា ការលូកដៃជ្រៀត​ជ្រែកពីបរទេស​ក្នុងវិបត្តិ​នយោបាយ​​នៅប្រទេសវេណេស៊ុយអេឡា គឺមិនជារឿងល្អនោះឡើយ ហើយផ្ទុយទៅវិញថែមទាំងអាចបណ្តាលឲ្យ​មានសង្រ្គាមស៊ីវិល​ទៀតផង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។

រដ្ឋមន្រ្តីការបរទេសតួកគី លោក Mevlut Cavusoglu ​បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «តាំងពីដើមមក​យើង​បាននិយាយហើយថាការធ្វើអន្តរាគមន៍ពីបរទេសគឺមិនជារឿងល្អនិងត្រឹមត្រូវឡើយ ដោយពួកគេ​មិនត្រឹមពុំអាចផ្តល់​ដំណោះ​ស្រាយ​ប៉ុណ្ណោះទេ តែផ្ទុយទៅវិញនឹងធ្វើឲ្យ​បញ្ហាកាន់តែដុបដាបធ្ងន់ធ្ងរជាងមុនទៅទៀត ហើយថាមិនត្រូវវេណេស៊ុយអេឡា​ប្រហែលត្រូវអូសទាញឲ្យធ្លាក់ក្នុងសង្រ្គាមស៊ីវិលថែមទៀត»

គួរជម្រាបថា បច្ចុប្បន្នវេណេស៊ុយអេឡា កំពុងស្ថិតក្នុងវិបត្តិនយោបាយដ៏តានតឹង បន្ទាប់ពីមេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido ដែលជាប្រធានសភាផងដែរ​នោះ បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទី​​នៃ​ប្រទេស​អាមេរិក​ឡាទីននេះកាលពីសប្តាហ៍មុន ហើយត្រូវបានអាមេរិកនិងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចេញមុខទទួលស្គាល់​ភ្លាមៗ​៕