(វ៉ាស៊ីនតោន)៖ មនុស្ស​យ៉ាងតិច ២១នាក់​បានបាត់បង់ជិវិត ដោយសារតែ​អាកាសធាតុ​ចុះត្រជាក់​ប្លែកខ្លាំង​ពីធម្មតា ដែលបាន​​និងកំពុងធ្វើឲ្យ​តំបន់កណ្តាល​ភាគខាងជើង (Midwest) អាមេរិក​ស្ថិត​ក្នុងសភាព​សក្បុស។ នេះបើតាម​ការដកស្រង់ការផ្សាយ​​ចេញពីសារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។

អាជ្ញាធរនៅតាម​រដ្ឋនៃ​តំបន់ខាងលើ​ បានភ្ជាប់ករណីមនុស្ស​ស្លាប់ទាំងនេះ​​ទៅនឹង​​ការធ្លាក់ចុះ​សីតុណ្ហភាព ដែលប្រៀបដូចជា​​នៅតំបន់​ប៉ូល។ តួលេខអ្នកបាត់បង់ជិវិត​បានកើនឡើង​ពីតួលេខមុនចំនួន ១២នាក់ បន្ទាប់​ពីមនុស្ស​យ៉ាងតិច ០៩នាក់ទៀត​​ត្រូវ​គេរាយការណ៍​ថា​​​ បានស្លាប់នៅ​ទីក្រុង​ឈីកាហ្គោ (Chicago) ដោយសារតែការរង​របួសទាក់ទង​នឹងអាកាសធាតុ​ដ៏ត្រជាក់បែបនេះ។

គួរជម្រាបថា ស្ថានភាពអាកាសធាតុ​គួរឲ្យព្រួយបារម្ភ កំពុងបន្តបង្ក​ជាហានិភ័យខ្លាំង​ចំពោះជនគ្មាន​ទីជ្រកកោន និងជន​ចាស់​ជរា​ ខណៈសីតុណ្ហភាព​នៅកន្លែងខ្លះ​បានចុះដល់​ជិត -៥០អង្សាសេ៕