(ប៉ារីស)៖ ប៉ូលិសបារាំង 0២នាក់ ត្រូវបាន​តុលាការរកឃើញថា មានទោសកំហុស​ក្នុងករណីរំលោភផ្លូវភេទលើស្ត្រីទេសចរជនជាតិ​​កាណាដា​ម្នាក់ក្នុងទីស្នាក់​ការប៉ូលិសទីក្រុងប៉ារីស កាលពី​ឆ្នាំ២០១៤។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។

ប៉ូលិសទាំង ០២នាក់ខាងលើគឺ លោក នីកូឡាស រឺឌូអង់ (Nicolas Redouane) និងលោក អង់ទ័ន គីរ៉ាង (Antoine Quirin) ត្រូវបានតុលាការមួយក្នុងទីក្រុងប៉ារីស ផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ ០៧ឆ្នាំ ពីបទរំលោភសេពសន្ថវៈស្ត្រីទេសចរជនជាតិ​​កាណាដា​ឈ្មោះ អេមីលី ស្ពែនតុន (Emily Spanton)។ អ្នកនាង Spanton មានអាយុ ៣៩ឆ្នាំបាន​ប្រាប់អង្គសវនាកា​រនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ​ថា រូបនាងត្រូវបាន​គេអញ្ជើញឱ្យ​ទៅទស្សនា​ទីស្នាក់ការ​ប៉ូលិសទីក្រុង​ប៉ារីស បន្ទាប់ពីរូបនាង​បានស្គាល់មន្ត្រីប៉ូលិស​ទាំង ០២នាក់នៅក្នុងបា​មួយកន្លែង។ ប៉ុន្តែពេលទៅដល់ស្រាប់​តែត្រូវបានគេរំលោភតែម្ដង។

តែទោះជា​យ៉ាងនេះក្ដី លោក Redouane និងលោក Quirin ដែលជាអតីត​សមាជិកកងកម្លំាងប៉ូលិស​បារាំងប្រឆាំង​ឧក្រិដ្ឋកម្ម នៅតែអះអាងថា ខ្លួនគ្មានកំហុសអ្វីទាំងអស់ ព្រោះរូបនាង​បានយល់ព្រមរួមភេទ​ជាមួយពួកគេ ដោយ​គ្មានការបង្ខិតបង្ខំ​ឡើយ។

គួរបញ្ជាក់ថា ទីស្នាក់ការប៉ូលិស​ទីក្រុងប៉ារីសមានទីតាំងស្ថិត​នៅតំបន់កេ ដេ អ័កហ្វែវ (Quai des Orfèvres) ក្នុងទីក្រុងប៉ារីស និងឈ្មោះល្បីល្បាញ ដោយសារតែត្រូវបានគេយកធ្វើជាទីតាំងថតខ្សែភាពយន្ដ និងអក្សរសិល្ប៍បែបឧក្រិដ្ឋកម្មរបស់បារាំង៕