(ការ៉ាកាស់)៖ រដ្ឋមន្ត្រីក្រសួង​​មហាផ្ទៃវេណេស៊ុយអេឡា​​លោក ណេស្ទើ រ៉េវើរ៉ូល (Nestor Reverol) បានអះអាងថា កងកម្លាំងសន្តិសុខ​​នៃប្រទេសនេះ​បាន​គាស់កកាយ​ ផែនការ​ធ្វើ​រដ្ឋប្រហារទម្លាក់​រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ថ្មីមួយទៀត ដោយក្នុងនោះមានទាំង​គម្រោងធ្វើឃាតមន្ត្រីយោធា និងអ្នកនយោបាយ​មួយចំនួន ដែលគាំទ្រ​រដ្ឋាភិបាល​លោក នីកូឡាស់ ម៉ាឌូរ៉ូ ផងដែរ។ នេះបើតាម​ការ​ចេញផ្សាយ​​ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។

រដ្ឋមន្ត្រីមហាផ្ទៃ​វេណេស៊ុយអេឡា ដោយទទួលបាន​​របាយការណ៍ពីក្រុម​ចារកម្មសម្ងាត់​បានឲ្យ​ដឹងទៀតថា ក្រុមជ្រុលនិយម​ខាងលើនេះត្រូវបានគេរកឃើញថា បានលួចចូល​មកកាន់វេណេស៊ុយអេឡា តាមទឹកដី​ប្រទេសកូឡុំប៊ី ដោយត្រូវបានដឹកនាំដោយ​អតីតមន្ត្រីយោធា​វេណេស៊ុអេឡា​រត់ចោល​ស្រុក។ ការស៊ើប​អង្កេតក៏ឈាន​ដល់ការចាប់​ខ្លួនអតីត​មន្ត្រីយោធា​មួយ​រូបឈ្មោះ មីហ្គែល ផេឡេស៊ីយ៉ូស សាលសេដូ (Miguel Palacios Salcedo) ដែល​បានចាក​ចេញ​ពីកងទ័ព​​វេណេស៊ុយអេឡា កាលពីឆ្នាំ២០០៦។

បន្ថែមពីនេះទៀត​ វរសេនីយ៍ឯកចូល​និវត្តន៍ឈ្មោះ អូស្វាល់ដូ ហ្គាសៀ ផាឡូម៉ូ (Oswaldo Garcia Palomo) និងមនុស្សពីរនាក់​ផ្សេងទៀត ក៏ត្រូវបាន​អាជ្ញាធរ​វេណេស៊ុយអេឡា ចាប់ខ្លួន​នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះផងដែរ។ ក្នុងចំណោមអ្នកទាំងអស់នេះ គឺ​មាន​អ្នក​ជាប់សង្ស័យ​ទៅនឹងផែនការធ្វើឃាត​លោក ម៉ាឌូរ៉ូ មិនបានសម្រេច​​កាលពីខែសីហា ឆ្នាំ២០១៨ ហើយកងកម្លាំងវេណេស៊ុយអេឡា ថែមទាំងបានរឹបអូសកាំភ្លើង និងវិទ្យុទាក់ទង​​របស់ពួកគេ ដើម្បីធ្វើការ​ស៊ើបអង្កេត​បន្តទៀត៕