(ម៉ូស្គួ)៖ រដ្ឋមន្ត្រីការបរទេសអឺរ៉ុប លោកស្រី ហ្វែឌែរីកា ម៉ូហ្គែរីនី (Federica Mogherini) បាននិយាយថា សហភាពអឺរ៉ុប​បានសម្រេចចិត្ត​បង្កើត​ក្រុមការងារអន្តរជាតិ​មួយ ដើម្បីរកច្រកចេញនៃវិបត្តិ នៅក្នុងប្រទេស​វេណេស៊ុយអេឡា។ នេះបើតាម​ការចេញ​​ផ្សាយដោយ​​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងប្រាប់​អ្នកសារព័ត៌មាននៅ​ថ្ងៃព្រហស្បតិ៍សប្ដាហ៍​នេះ លោកស្រី​ Mogherini បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «យើងបាន​សម្រេចចិត្ត បង្កើតក្រុមការងារ​ទំនាក់ទំនងអន្តរជាតិ​មួយ ស្ដីពីវេណេស៊ុយអេឡា ដែលទទួលបាន​ការឯកភាពពីចំណោម​រដ្ឋជា​សមាជិករបស់យើង ខណៈបណ្ដា​ប្រទេសអាមេរិកឡាទីន​មួយចំនួន នឹងចូលរួមក្នុង​ក្រុមការងារ​នេះដែរ»។
លោកស្រី Federica Mogherini បានបន្ថែមថា ក្រុមការងារនេះនឹងត្រួវបាន សម្របសម្រួល​ដោយ​សហភាពអឺរ៉ុប ក៏ដូចជានឹង​ត្រួវធ្វើប្រតិបត្តិការកំណត់​ក្នុងរយៈពេល ៩០ថ្ងៃ។ ម្យ៉ាងវិញ​ទៀតបន្ទាប់​ពីអស់ កាលកំណត់​លទ្ធផលនឹងត្រូវ​បានវិភាគ និងវាយតម្លៃ ហើយគ្មាន​ភាពជឿនលឿនទេ​ ក្រុមការងារនេះ​នឹង​ត្រូវរំលាយ។

គួរជម្រាបថា បើតា​មលោកស្រី Mogherini សម្រាប់ខាងភាគី​សហភាពអឺរ៉ុប ប្រទេស​ដែល​នឹងត្រូវចូលរួម​ក្នុងក្រុម​ការងារខាងលើរួមមានដូចជា ​បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្គាល់ ស៊ុយអែត ហូឡង់ និងចក្រភពអង់គ្លេស​ជាដើម។ ដោយ​សារតែ​សហភាពអឺរ៉ុប​មានប្រទេសជាសមាជិកចំនួន ២៧នោះ ដូច្នេះ​ការ​សម្រេចចិត្ត​ទៅលើ​ការ​ដោះស្រាយវិបត្តិវេណេស៊ុយអេឡា ត្រូវតែធ្វើឡើង​ជាមតិរួម បើទោះ​បីជាសមាជិក​មួយចំនួន​បានបង្ហាញ​ជំហរពួកគេរួចហើយក៏ដោយ៕