(ការ៉ាកាស់)៖ សហរដ្ឋអាមេរិក​បានចេញមុខ​ជំទាស់ដាច់​ខាត​ ចំពោះសំណើ​របស់​ម៉ិចស៊ីកូ អ៊ុយរ៉ាហ្គាយ និងបុរីវ៉ាទីកង់​ ដែលចង់​​​ធ្វើការ​សម្រុះសម្រួល​កិច្ច​ចរចារវាង ​ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ និង ​លោក ចូអាន ហ្គៃដូ (Juan Guaido) ជា​មេបក្សប្រឆាំង​​វេណេស៊ុយ​អេ​ឡា ដែលបានប្រកាសតែងតាំងខ្លួនឯងជា​ប្រធានាធិបតីស្តីទី ដែលជាហេតុ​​បង្ក​ឲ្យ​មាន​វិបត្តិនយោបាយ​យ៉ាងធ្ងន់ធ្ងរ​ក្នុងប្រទេសអាមេរិកឡាទីន​មួយនេះ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌​មាន Reuters នៅព្រឹក​ថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។

មន្រ្តីជាន់ខ្ពស់មួយ​រូបក្នុងជួររដ្ឋាភិបាល​អាមេរិក បានលើកឡើង​ឈ្មោះប្រទេសទាំង ០៣ ខាងលើចំៗ​នៅក្នុង​ការធ្វើ​អត្ថាធិប្បាយ​​មួយនា​ថ្ងៃព្រហស្បតិ៍នេះ និងបាន​បន្ថែម​យ៉ាងដូច្នេះថា «ពួកយើងមិនទទួល​យកដាច់ខាត​ចំពោះ​​ការ​ប្រឹង​ប្រែង​​បង្កើត​កិច្ច​ចរចា​នានា ទោះបីជា​ស្ថិត​ក្នុងទម្រង់​បែបណាក៏ដោយ ​ដែលសំដៅនឹងជួយឲ្យ​លោក ម៉ាឌូរ៉ូ នៅរក្សាអំណាច​ក្នុងដៃដដែល​​​នោះ​»។​

មន្រ្តីខាងលើដែល​សុំមិនបញ្ចេញ​អត្តសញ្ញាណ បានបញ្ជាក់ជាដដែល​នូគោលជំហរ​របស់​រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​ថា ​​លោក ម៉ាឌូរ៉ូ គឺលែងជា​​ប្រធានាធិបតី​របស់ប្រទេស​វេណេស៊ុយអេឡាទៀត​ហើយ ខណៈ​ដែល​​កាណាដា និង​ប្រទេស​​នៅ​អាមេរិក​ឡាទីនជាច្រើន​ទៀតដែលជាសម្ព័ន្ធមិត្តរបស់​អាមេរិក បានប្រកាសទទួល​ស្គាល់ លោក Guaido ជា​ប្រធានាធិបតី​ស្តី​ទី​វេណេស៊ុយអេឡា ដោយអះអាងថា​​ការជាប់ឆ្នោត​កាលពីខែឧសភា ឆ្នាំទៅ​របស់លោក ម៉ាឌូរ៉ូ មិនអាចយក​ជាការបាន។

គួរជម្រាបថា ម៉ិចស៊ីកូ និងអ៊ុយរ៉ាហ្គាយ ដែលមិនបានប្រកាសទទួលស្គាល់​លោក Guaido ឡើយនោះ​បានឲ្យដឹងថា​ ពួកគេ​នឹង​​​បើកសន្និសីទអន្តរជាតិ​មួយជុំវិញវិបត្តិនៅ​វេណេស៊ុយអេឡា នាថ្ងៃទី០៧ ខែកុម្ភៈ៕