(អាមេរិក)៖ ការសិក្សាថ្មីមួយ​របស់ក្រុមអ្នកវិទ្យាសាស្រ្ត​​បានឲ្យដឹង​ ភ្នំ Mount Sharp នៅ​ក្នុង​រណ្តៅ Gale Crater លើ​ភពអង្គារ (Mars) ដែលជាតំបន់​​រុករក​របស់យាន Curiosity នោះ ទំនងជាបានកកើតឡើង​ជាភ្នំដ៏ធំមួយ​ដូចសព្វថ្ងៃនេះ គឺដោយ​សារ​តែ​ខ្យល់បក់​ដែលនាំយក​​មកនូវធូលីដី និងខ្សាច់មកពូនផ្តុំទីនេះ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពីវែបសាយ Space.com នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។

យានមានកង់​អាចចល័តបាន​ឈ្មោះ Curiosity របស់ទីភ្នាក់ងារ​អវកាស​អាមេរិក NASA បានចុះទៅ​ដល់​រណ្តៅ Gale ដែល​មាន​មុខ​កាត់​ ១៥៤គីឡូម៉ែត្រ​កាលពីខែសីហា ឆ្នាំ២០១២ ហើយវាមានគោលដៅ​ស្រាវជ្រាវ​លើ​​​តំបន់នេះ ដើម្បីរុករកសញ្ញា​​នៃ​ជីវិត​​កាលពីអតីត​កាលនៅ​លើភពអង្គារ។ ក្រោយការអង្កេត​ជាច្រើនឆ្នាំ​របស់ Curiosity រណ្តៅ Gale ត្រូវ​អ្នកវិទ្យាសាស្រ្ត​​ជឿជាក់ថា​ ធ្លាប់មានផ្ទុក​ប្រព័ន្ធបឹង ឬប្រលាយ​មួយដល់​ទៅរយៈពេលរាប់រយ​លានឆ្នាំ​ឯណោះ។

អ្វីដែលគួរឲ្យ​ចាប់​អារម្មណ៍មួយទៀត​​​​សម្រាប់រណ្តៅ Gale គឺ​ភ្នំមួយកម្ពស់ ៥.៥គីឡូម៉ែត្រ​នៅចំកណ្តាលវា។ អ្នកវិទ្យាសាស្រ្ត​​មាន​ការជជែកដេញដោលជាយូរណាស់មកហើយថា តើ​ភ្នំចម្លែកនេះ​ដែលហៅថាភ្នំ Sharp កើតឡើងដោយ​របៀប​ណា ពោលគឺ​វា​​ជាសំណល់​នៃវត្ថុមួយដែលធ្លាប់បំពេញរណ្តៅនេះ ប៉ុន្តែបានទទួលរង​សំណឹក ឬក៏វាលេចរូបរាងឡើង​ក្នុងទម្រង់​បច្ចុប្បន្ន ដោយ​សារតែការនាំ​យកធូលី និងខ្សាច់​ដោយ​ខ្យល់បក់​នៅលើ​ភពអង្គារ។

គួរជម្រាបថា ការសន្និដ្ឋានរបស់​អ្នកវិទ្យាសាស្រ្តថាភ្នំ Sharp កើតឡើងដោយ​ខ្យល់បក់ គឺដោយសារតែ​​សណ្ឋានដីនៅក្នុង​តំបន់​នោះ​ មានសភាពធូររលុងមិនសូវ​ហាប់ណែនឡើយ បើតាមទិន្នន័យ​របស់យាន Curiosity ដែលបានប្រើប្រាស់​បច្ចេកទេស​ស្ទាប​ស្ទង់ម៉្យាង​ទាក់ទងទៅនឹងវិទ្យាសាស្រ្ត​នៃកម្លាំង​ទំនាញ៕