(ឈីខាហ្គោ)៖ អាកាសធាតុដ៏ត្រជាក់ខ្លាំងខុសពីធម្មតា​បាននិង​កំពុងធ្វើឲ្យ​តំបន់កណ្តាលភាគខាងជើង (Midwest) នៃសហរដ្ឋ​អាមេរិក​ធ្លាក់ចុះសីតុណ្ហភាពដល់កម្រិតទាបដូចទៅនឹង​​តំបន់ប៉ូលខាងត្បូងផែនដីយ៉ាងដូច្នោះ។ នេះបើតាមការដកស្រង់​ការ​ផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។

ដោយសារតែបែបនេះ ជើងហោះហើរ​ជាច្រើនត្រូវបានលុបចោល ហើយ​សាលារៀននិង​ហាងលក់ដូរ​ត្រូវបានបិទទ្វារ ខណៈ​មានក្តីព្រួយបារម្ភកាន់តែកើនឡើង​អំពីហានិភ័យនៃការបាត់បង់ជាតិកម្តៅក្នុងខ្លួន ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត​​បាន ស្របពេលដែលករណីមនុស្សស្លាប់​យ៉ាងហោចណាស់០៨ករណីមកហើយ ត្រូវគេសន្និដ្ឋានថាគឺបណ្តាលមកពីអាកាសធាតុ​ដ៏ត្រជាក់នេះ។

ជុំវិញបញ្ហានេះ អាជ្ញាធរអាមេរិកនៃ​បណ្តារដ្ឋក្នុងតំបន់ Midwest បានជំរុញឲ្យប្រជាជនស្ថិតនៅក្នុងលំនៅឋាន ប្រសិនបើគ្មាន​ករណីចាំបាច់គឺគួរតែកុំចេញទៅខាងក្រៅ ខណៈការចុះត្រជាក់ខ្លាំងត្រូវគេរំពឹងថានឹងបន្តមកពីថ្ងៃពុធរហូតដល់ថ្ងៃព្រហស្បតិ៍​​សប្តាហ៍នេះ។ ទន្ទឹមនឹងនេះ ​មជ្ឈមណ្ឌលផ្តល់កម្តៅ​រាប់រយកន្លែង​ត្រូវបានបើក សម្រាប់អ្នកដែលងាយរងគ្រោះដូចជា​ជន​ចាស់​ជរាគ្មានទីពឹងជាដើម ហើយរថយន្តក្រុងក៏ត្រូវបានដាក់ឲ្យដំណើរការជា​ក្លែងផ្តល់កម្តៅចល័តផងដែរ រីឯ​កន្លែងផ្តល់ទីជ្រក​កោន​វិញ ត្រូវបានបង្កើនចំណុះសម្រាប់​ជនគ្មានផ្ទះសម្បែង​រាប់ម៉ឺននាក់។

គួរជម្រាបថា នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) សីតុណ្ហភាពបានចុះដល់ជាង-៣០ទៅជិត​-៥០អង្សា​សេ ដែលវាជាកម្រិតសីតុណ្ហភាពប្រៀបដូចជានៅទ្វីប​អង់តាកទិក​​​នៅប៉ូលខាងត្បូងផែនដីយ៉ាងដូច្នោះ៕