(វ៉ាស៊ីនតោន)៖ ទីបំផុតបុគ្គលិក​​ទាំងអស់របស់​ទីភ្នាក់ងារអវកាស​អាមេរិក​ NASA បានត្រឡប់ចូល​ទៅបំពេញការងារ​វិញហើយ ក្រោយពី​រដ្ឋាភិបាល​​​អាមេរិក​បើកទ្វារ​ឡើងវិញ ក្រោយរយៈពេលជាង ០១ខែ ប៉ុន្តែវាប្រហែល​ត្រូវការពេលយូរ​គួរសម ដើម្បី​ឲ្យ​ការ​ប្រតិបត្តិការនានា​វិលទៅរកសភាពធម្មតា​ដូចមុនវិញ ក្រោយពីទទួលរង​ការប៉ះពាល់គួរឲ្យ​កត់សម្គាល់។ នេះ​បើ​តាម​​ការ​ដក​ស្រង់​ការ​ផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។

ក្នុងអំឡុង​នៃការបិទទ្វារ​រដ្ឋាភិបាលអាមេរិក ម៉ាស៊ីនថត​សំខាន់ជាងគេ​​នៅលើកែវយឺត​អវកាស Hubble បានខូចគាំង​ដោយ​សារ​តែ​បញ្ហា Hardware ហើយ​ក្រុមវិស្វករ​របស់ NASA ត្រូវរង់ចាំទាល់តែ​រដ្ឋាភិបាល​បើកទ្វារវិញ ទើបអាចជួសជុល​​បញ្ហានេះបាន​។​ ​ជាមួយគ្នានេះ ការធ្វើតេស្ត​បាញ់​បង្ហោះលើកដំបូង​ដោយ​ពុំមានមនុស្សជិះ ​នៃយានអវកាស Dragon របស់ក្រុមហ៊ុន SpaceX ដែល​មាន​​ការ​សហការ​ជាមួយ NASA ក៏ត្រូវបានលើក​ពេលទៅដល់ខែកុម្ភៈ ផងដែរ។

លើសពីនេះ​ទៀត ​កិច្ចសហប្រតិបត្តិអន្តរជាតិ​លើផ្នែកវិទ្យាសាស្ត្រ​បានទទួលរង​ការប៉ះពាល់ដូចគ្នា តួយ៉ាង​ប្រព័ន្ធតេឡេស្កូប​​​​បំពាក់លើយន្តហោះ Boeing ហៅថា SOFIA ដែលជា​កិច្ច​សហប្រតិបត្តិការ​រួមគ្នារវាង NASA និងទីភ្នាក់ងារអវកាស​អាល្លឺម៉ង់​ ដើម្បីថតយករូបភាព​ជាប្រភេទ Infrared នៃភពផែនដី មិនអាចធ្វើប្រតិបត្តិការ​ហោះហើរបាន។ មិនតែប៉ុណ្ណោះ​វែបសាយ​ចំនួន ​៣៥របស់អង្គការ NASA ​ទាំងមូល​ត្រូវ Offline (លែងដំណើរការ) ខណៈ​ NASA កំពុងព្យាយាម​ធ្វើឲ្យពួកវា Online ឡើងវិញ។

បើ​ប្រធាន NASA លោក Jim Bridenstine ទីភ្នាក់ងារអវកាស​នេះអាចត្រូវការពេលវេលា​ច្រើនជាង ៣៥ថ្ងៃ ដើម្បីវិលទៅរកភាព​ប្រក្រតីដូចដើមវិញ​ទាំងស្រុង ខណៈដែលការ​បិទទ្វាររដ្ឋាភិបាល​មានរយៈពេលត្រឹម ៣៥ថ្ងៃក៏ដោយ។ លោក Bridenstine បាន​បញ្ជាក់ថា ការជ្រើសរើស​​បេសកកម្ម​បន្ទាប់ទៀតនៃ​កិច្ចការរុករកទីឋាន​ក្នុងប្រព័ន្ធ​ព្រះអាទិត្យ ក្រោមក្របខណ្ឌ​នៃកម្មវិធី New Frontiers និង Discovery ប្រហែលត្រូវ​ពន្យារពេល ហើយការធ្វើតេស្ត​ហោះហើរ​​សម្រាប់ Commercial Crew Program ​ក៏បាន​​លើកពេល​រួចជាស្រេច​ផងដែរ។

ចំណែកទិវារំលឹក​ការចងចាំដ៏សំខាន់ប្រចាំ​ឆ្នាំរបស់ NASA ​ដែលគ្រោងធ្វើឡើងនា​ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក៏ត្រូវពន្យារពេល​​ទៅប្រារព្ធធ្វើនៅ​ថ្ងៃ​ទី០៧ ខែកុម្ភៈវិញ។ ទិវា Day of Remembrance របស់អង្គការ NASA តែងត្រូវធ្វើឡើង​ជារៀងរាល់ឆ្នាំ​ ដើម្បី​​​ជាការគោរព​ដល់​​អវកាសយានិក NASA ចំនួន ១៧នាក់ ដែលបានបាត់បង់​ជីវិត​ក្នុង​សោកនាដកម្ម​ធំៗ ០៣ របស់ NASA គឺ​ការ​ឆេះយាន Apollo 1 កាលពីឆ្នាំ១៩៦៧ ការបាត់បង់​យានប្រភេទ Space Shuttle «Challenger» ឆ្នាំ១៩៨៦ ព្រមទាំង​ការផ្ទុះយាន Space Shuttle «Columbia» ឆ្នាំ២០០៣៕