(ការ៉ាកាស់)៖ ទណ្ឌកម្មអាមេរិក​មកលើវេណេស៊ុយអេឡា នឹងមិនអាច​ធ្វើឲ្យ​ប្រទេសអាមេរិកឡាទីន​នេះជាប់គាំង ឬដួលរលំនោះឡើយ ក៏ប៉ុន្តែ​វានៅតែអាចបង្កជា​ផលវិបាក​ផ្សេងៗ​ទៅថ្ងៃមុន។ នេះបើតាម​លោក ហិកទ័រ រ៉ូទ្រីហ្គែស (Hector Rodriguez) អភិបាលរដ្ឋ មីរែនដា (Miranda) ភាគខាងជើង​វេណេស៊ុយអេឡា​ ដកស្រង់សម្តីដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។

លោក Rodriguez បានថ្លែងយ៉ាងដូច្នេះថា «ជារួមការ​ដាក់ទណ្ឌកម្មពី​អាមេរិក នឹងពុំអាចបញ្ឈប់​យើងបានឡើយ ក៏ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​​ការអភិវឌ្ឍ​ប្រទេសនេះត្រូវការចំណាយ​កាន់តែច្រើន​ខ្លាំងឡើងៗ ហើយទន្ទឹមគ្នានេះ​វាបង្ខំឲ្យពួកយើង​ត្រូវផ្លាស់​ប្តូរ​បច្ចេកវិទ្យា ព្រមទាំង​ស្វែងរកដៃគូ​សហការថ្មីៗ ដោយមិនត្រឹម​ក្នុងផ្នែកនយោបាយ​នោះទេ តែក្នុងផ្នែក​សេដ្ឋកិច្ចថែម​ទៀតផង»

លោកអភិបាល​រដ្ឋរូបនេះបាន​បន្តថា «បច្ចុប្បន្នវេណេស៊ុយអេឡា​កំពុងតែឆ្លងកាត់សម័យកាល​ដ៏លំបាកមួយ ប៉ុន្តែយើងមើល​ពី​ជ្រុង​មួយដទៃទៀត​ នេះអាច​ជា​ឱកាសមួយសម្រាប់ឲ្យ​វេណេស៊ុយអេឡា បញ្ចប់ជាស្ថាពរ​នូវដំណើរ​ការ នៃការរំដោះខ្លួនឲ្យ​មាន​​សេរីភាព មិនត្រឹមក្នុង​ន័យនយោបាយ​ប៉ុណ្ណោះទេ តែក្នុងន័យ​សេដ្ឋកិច្ច និងបច្ចេកវិទ្យាផងដែរ»

គួរជម្រាបថា ខណៈពេលនេះ​ប្រទេស​វេណេស៊ុយអេឡា កំពុងស្ថិតក្នុង​វិបត្តិនយោបាយ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈដែល​មេ​បក្ស​​ប្រឆាំង​ លោក ចូអាន ហ្គៃដូ (Juan Guaido) បានប្រកាស​តែងតាំងខ្លួនឯងធ្វើជា​ប្រធានាធិបតីស្តីទី កាលពីថ្ងៃពុធ​សប្តាហ៍មុន ហើយ​មាន​ការ​ទទួលស្គាល់ភ្លាមៗ​ពី​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយ​ចំនួនរបស់​ទីក្រុងវ៉ាស៊ីនតោន ហើយ​នៅ​ប៉ុន្មានថ្ងៃមុន​នេះ អាមេរិកបាន​ប្រកាសដាក់ទណ្ឌកម្ម​ លើ​ក្រុមហ៊ុនប្រេង​រដ្ឋ​វេណេស៊ុយអេឡា PDVSA តាមរយៈការ​ដាក់បម្រាមលើ​កិច្ចព្រម​ព្រៀង​​នានា ​ជាមួយ​ក្រុមហ៊ុននេះ និងរារាំងខ្ទប់​ទ្រព្យសម្បត្តិ​តម្លៃ ​៧ពាន់លានដុល្លាររបស់ PDVSA ថែមទៀត៕