(ម៉ានីល)៖ យោធា​ហ្វីលីពីនបានដឹកនាំការ​វាយប្រហារតាមផ្លូវអាកាស ​យ៉ាងចាស់ដៃ​​ប្រឆាំង​នឹងក្រុមភេរវករ​នៅក្នុងតំបន់​ដែលជាប់​សង្ស័យថា ជាអ្នកនៅពីក្រោយ​ការវាយប្រហារ​បំផ្ទុះគ្រាប់បែក​ដ៏ប្រល័យ នៅឯវិហារគ្រឹស្ត​មួយកន្លែងនៃកោះ​មិនដាណាវ ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Straitstimes នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នក​សារព័ត៌មាននៅថ្ងៃពុធ​សប្ដាហ៍នេះ​ រដ្ឋមន្ត្រីការពារជា​ហ្វីលីពីន លោក ដែលហ្វី ឡូរែនហ្សាណា (Delfin Lorenzana) បានគូសបញ្ជាក់ដូច្នេះថា «យោធាហ្វីលីពីន​បានបើកការវាយប្រហារ​តាមផ្លូវអាកាស ​ប្រឆាំងនឹងក្រុម​សកម្មប្រយុទ្ធ អាប៊ូ សាយយ៉ាហ្វ (Abu Sayyaf) នៅក្នុងទីក្រុង Jolo ខេត្ត Sulu កាលពីថ្ងៃអង្គារ»។ លោក បន្ថែមទៀតថា ការវាយប្រហារ​តាមផ្លូវការនេះ​ធ្វើឡើងតាមការបញ្ជា​ដោយផ្ទាល់​ពីលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានសន្យាថា នឹងតាមកម្ចាត់ពួក​ភេរវករទាំងអស់​នៅក្នុងប្រទេស។ ប៉ុន្តែ​លោក Lorenzana មិនបាន​បញ្ជាក់​អ្វីលម្អិតបន្ថែម​នោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ​សប្ដាហ៍មុន មនុស្សយ៉ាងហោច​ណាស់ ២១នាក់ ត្រូវបានសម្លាប់ និងរាប់រយនាក់​រងរបួសនៅក្នុងការ​វាយប្រហារបំផ្ទុះ​គ្រាប់បែកចំនួន ០២លើកលើវិហារគ្រឹស្ដ​ក្នុងទីក្រុង Jolo ខេត្ត Sulu។ ដោយឡែក​កាលពីថ្ងៃពុធម្សិលមិញ មនុស្ស ០២នាក់បានស្លាប់ និង០៤នាក់ផ្សេងទៀត​ក៏បានរងរបួសផងដែរ នៅពេលដែលគ្រាប់បែក​ដៃមួយ​បានផ្ទុះ នៅក្នុងវិហារ​អ៊ីស្លាមនៃទីក្រុង ហ្សាំបូអាងហ្គា (Zamboanga) នៃកោះមិនដាណាវ៕